តារាសម្តែងជើងចាស់ អ្នកស្រី ពៅ ថាវី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ មានទុក្ខជាទម្ងន់ ដោយបានបាត់បង់ស្វាមីជាទីស្រលាញ់ ស្របពេលប្រទេសបើកឡើងវិញនោះ។ ទោះយ៉ាងណា អត់មានការប្រារព្ធពិធីបុណ្យ៧ថ្ងៃចំពោះសពស្វាមីអ្នកស្រីឡើយ។
តារាសម្តែងជើងចាស់រូបនេះ បានបង្ហោះសារបង្ហាញភាពសោកសៅ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖ «ប្រទេសបើកហើយតែនាងខ្ញុំ ពៅ ថាវី បានបាត់បង់ស្វាមីជារៀងរហូតគ្មានថ្ងៃវិលវិញ សូមឱ្យវិញ្ញាណក្ខន្ធលោក កែវ ខែម ដែលជាស្វាមីនាងខ្ញុំបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ដោយឡែក កូនស្រីរបស់អ្នកស្រី ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «សក្ខណា កែវ» បានបង្ហោះសារយ៉ាងសោកសៅដែរថា «ប៉ាកូនមិនទាន់បានតបស្នងសងគុណប៉ាទេ ប៉ាទៅដោយស្ងប់ កូនសូមកើតជាតិក្រោយជាកូនប៉ាទៀត»។
បន្ថែមលើនេះ គណនីហ្វេសប៊ុកខាងលើ បានបញ្ជាក់ទៀតថា «ក្រុមគ្រួសារនាងខ្ញុំអត់ប្រារព្ធពិធីបុណ្យ7ថ្ងៃទេសពលោកឪពុកដង្ហែទៅបូជានៅវត្តព្រែកសំរោង. វេលាម៉ោង7ព្រឹក. នាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនដែលបានចូលរួមរំលែកទុក្ខ»។
កូនស្រីរបស់តារាសម្ដែងជើងចាស់ខាងលើនេះ បានបង្ហោះរូបថតជាច្រើនសន្លឹកនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ពីការធ្វើតាមបណ្ដាំចុងក្រោយរបស់ឪពុកខ្លួនថា «បណ្ដាំចុងក្រោយ ដង្ហែសពប៉ាបើកមុខ ឡាន Tico ហើយធាតុប៉ាដាក់ក្នុងឡាន Tico យកមកផ្ទះផង»៕