តារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះ នាយ សង់ ស៊ីស ទោះបីធ្លាក់ខ្លួនឈឺ និងជំពាក់បំណុលគេច្រើនប៉ុណ្ណា ក៏មិនដាច់ចិត្តលើកដៃសំពេះសុំជួយនោះដែរ។ ប៉ុន្តែបងប្អូនអាណិតស្រឡាញ់ច្រើន ក៏ជួយថវិកាជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហា។
ក្រោយពីទទួលបានជំនួយនោះ, នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា អ្នកនាង សុន ស្រីពេជ្រ កូនស្រី លោកតា សង់ ស៊ីស បានបញ្ជាក់ពីចំនួន ថវិកា ដែលទទួលបានពីសប្បុរសជន ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២ ខែវិច្ឆិកា សរុប៥៧៧៨ដុល្លារ ក្នុងនោះ អ្នកនាង ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លាថ្លៃរបស់ពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសផងដែរ។
ទន្ទឹមនឹងការបញ្ជាក់ពីចំនួនថវិកានេះដែរ អ្នកនាង សុន ស្រីពេជ្រ ក៏បានភ្ជាប់ជាមួយលេខគណនីABA , អេស៊ីលីដា និងលេខទូរសព្ទ ផងដែរ សម្រាប់បងប្អូន សម្បុរសជន ដែលមានបំណងជួយដល់លោកតា សង់ ស៊ីស ដែលជាឪពុករបស់អ្នកនាងនោះ។
ដោយឃើញបែបនេះ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្រីអូន បានបង្ហោះរូបថតជាច្រើនសន្លឹកភ្ជាប់ជាមួយស្ក្រីនសតផុសរបស់អ្នកនាង សុន ស្រីពេជ្រ និងប្រតិបត្តិការផ្ទេរប្រាក់ចូលកុងABAចំនួន១ពាន់ដុល្លារ ក្នុងការជួយដល់លោកតា សង់ ស៊ីស ដើម្បីដោះស្រាយបញ្ហានោះ។
ស្រីអូន បានរៀបរាប់ដូច្នេះថា «ចៅសុំជួយលោកតា 1000$ សម្រាប់ដោះស្រាយបញ្ហា ដែលលោកតាកំពុងជួប, ធ្លាប់មើលកំប្លែងលោកតាតាំងពីនៅក្មេង សូមអរគុណបងប្អូនដែលចូលរួមជួយលោកតាដោយក្ដីអាណិតអាសូរជួយលោកតាសង់ស៊ីស »។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ លោកអ៊ឹម ជីវ៉ា តាមរយៈទំព័រហ្វេសប៊ុក «សិល្បករកម្ពុជា និង សង្គម Cambodia artists and society» បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារ អំពាវនាវថា «អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ ស៊ីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០ម៉ឺនដុល្លារ ដោយផ្ទះគាត់លក់ពីរល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២ម៉ឺនដុល្លារ!
ព្រឹកមិញនេះខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះ បានជួបជាមួយតារាកំប្លែងឪសង់ស៊ីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់ គឺទម្រាំលើកដៃសុំអោយបងប្អូនជួយនេះ គឺមិនមែនលើកដៃសុំអំណោយជាលុយកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិកាច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំណូលមិនបានហើយបើទុកយូរទៀតគឺគ្មានលទ្ធភាពសងគេទេ។
តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះ គឺដោយសារតែមួយរយៈមុននេះ គឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ។ ពេលជួបព្រឹកមិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់ស៊ីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹម និងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ។ ជូនដំណឹងដោយលោក អ៊ឹម ជីវ៉ា»៕