ដោយឃើញថា ក្រុមហ៊ុនCellcard បានសរសេរអក្សរ មិនត្រូវអក្ខវិរុទ្ធនៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់អក្សរសាស្ត្ររបស់ខ្មែរនោះ, ព្រះតេជព្រះគុណ ហាក់ សៀងហៃ នៅព្រឹកនេះ បានចេញសារមួយ ដើម្បីឲ្យក្រុមហ៊ុនទូរសព្ទដ៏ធំមួយនេះ ធ្វើការកែតម្រូវឡើងវិញ។
តាមរយៈផេក «Buddhism for Education of Cambodia(BEC)», ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា បានបង្ហោះសារផ្ញើជូនក្រុមហ៊ុន Cellcard ដើម្បីជួយធ្វើការកែតម្រូវដូច្នេះថា «ផ្ញើជូនក្រុមហ៊ុនសែលខាត (CellCard ) សូមមេត្តាកែតម្រូវសំណេរលើបដាឡើងវិញ ព្រោះដាក់តាំងទីសាធារណៈ២៤ម៉ោងលើ២៤ម៉ោង គឺប៉ះពាល់ដល់អក្សរសាស្ត្រខ្មែរយើងសម្បើមណាស់។
ព្រះសង្ឃវ័យក្មេង ដែលមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រខ្មែរ រូបនេះ បានបន្ត ដោយពន្យល់ថា «-ពាក្យត្រូវគឺ៖ “សក្ដិសម “ មិនមែន “សាកសម” -ពាក្យសាក៖ សាកសព សាកល្បង សាកមើល -ពាក្យ៖ សក្តិ ឬ ស័ក្តិ បច្ចុប្បន្នក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុមតិថា ពាក្យណាមានតម្រួតខាងចុងមិនបាច់ដាក់សញ្ញាសំយោគ(័)ទេ ឧទាហរណ៍៖ ទូរសព្ទ លក្ខខណ្ឌ សត្វ យក្ស ជាដើម។ពេលកែតម្រូវហើយ សូមផ្ញើបដាមកអាត្មាភាពផង ដើម្បីផ្សាយថា បានកែតម្រូវហើយ ជាគំរូល្អតទៅ។
ព្រះតេជព្រះគុណ បន្ថែមទៀតថា «(បញ្ជាក់៖ ក្នុងករណី ក្រុមហ៊ុនសែលខាត សន្យានឹងកែតម្រូវឡើងវិញ អាត្មាភាព នឹងលុបសារដែលនិយាយកែតម្រូវសែលខាត តែសូមរក្សាទុកនូវការបកស្រាយបំភ្លឺពាក្យ “សក្តិសម មិនមែន សាកសម” ។
អាស្រ័យហេតុនេះ សូមសាធារណជន បានជ្រាប និងសូមរក្សាការបញ្ចេញមតិប្រកបដោយសីលធម៌ និងមិនជាន់ពន្លិច កែតម្រូវដោយមនោសញ្ចេតនាអ្នកស្រឡាញ់រក្សាអក្សរសាស្ត្រជាតិយើង )។
សូមអរព្រះគុណ និងអរគុណ ! ដោយក្តីរាប់អានពីអាត្មាភាព ហាក់ សៀងហៃ»៕