គេនៅចាំបានថា នៅពេលអ្នកនាងខ្ញុង ប្រកាសក្ស័យធន ហើយសុំជំនួយពីអ្នកគាំទ្ររបស់ខ្លួនចំនួន១ដុល្លារនោះ ថៅកែហាងម៉ូតូ «ប្រាក់ សម្បត្តិ» បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមិនយកលុយ ដែលអ្នកនាងខ្ញុង ជំពាក់ខ្លួនចំនួន២៤០០០ដុល្លារនោះទេ ហើយថែមទាំងជួយលុយនាងថែមចំនួន៥០០ដុល្លារទៀតផង។
ដោយឡែក នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅពេលទទួលដំណឹងថា ក្រុមគ្រួសារតារាកំប្លែង សង់ ស៊ីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះដើម្បីបានលុយទៅសងបំណុលគេនោះ ថៅកែហាងម៉ូតូ ខាងលើនេះ ក៏បានសម្រេចជួយជាថវិកាដល់តារាកំប្លែង សង់ ស៊ីសផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក និងវិក្កយបត្រលុយ ដែលផ្ញើទៅជួយ តារាកំប្លែងជើងចាស់ នាយ សង់ ស៊ីស ចំនួន៥០០ដុល្លារនោះ ម្ចាស់ហាងម៉ូតូយីហោ«ប្រាក់ សម្បតិ្ត» បានបង្ហាញទឹកចិត្តរបស់ខ្លួនថា លោកតាសុីសមិនបានសុំជំនួយ ប៉ុន្តែខ្ញុំចង់ជួយដោយទឹកចិត្តពិតចៅមានបន្តិចបន្តួច សុំជូនលោកតា500$»។
ប្រភព បន្តថា «លោកតាស៊ីសបានបម្រើក្នុងវិស័យសិល្បៈកំប្លែងយូរតាំងខ្ញុំនៅកុមារភាព ធ្វើអោយមហាជនសើចសប្បាយមករហូត ឥលូវលោកតាចាស់ខ្លាំង មានជំងឺនិយាយក៏មិនបាន បាត់បង់កូន2នាក់ មានបំណុល លោកតាបានសុំអោយមហាជនជួយទិញផ្ទះគាត់ផងដើម្បីសងបំណុលផង»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ លោកអ៊ឹម ជីវ៉ា តាមរយៈទំព័រហ្វេសប៊ុក «សិល្បករកម្ពុជា និង សង្គម Cambodia artists and society» បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារ អំពាវនាវថា «អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ ស៊ីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០ម៉ឺនដុល្លារ ដោយផ្ទះគាត់លក់ពីរល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២ម៉ឺនដុល្លារ!
ព្រឹកមិញនេះខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះ បានជួបជាមួយតារាកំប្លែងឪសង់ស៊ីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់ គឺទម្រាំលើកដៃសុំអោយបងប្អូនជួយនេះ គឺមិនមែនលើកដៃសុំអំណោយជាលុយកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិកាច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំណូលមិនបានហើយបើទុកយូរទៀតគឺគ្មានលទ្ធភាពសងគេទេ។
តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះ គឺដោយសារតែមួយរយៈមុននេះ គឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ។ ពេលជួបព្រឹកមិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់ស៊ីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹម និងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ។ ជូនដំណឹងដោយលោក អ៊ឹម ជីវ៉ា»៕