បុរស-នារី២នាក់ ដោយម្នាក់ តុបតែងខ្លួនជាព្រះសង្ឃ ផាត់មុខរាំ បង្ហោះក្នុងបណ្ដាញសង្គមទីកតុកយ៉ាងគឃ្លើន ធ្វើឲ្យប៉ះពាល់ដល់សាសនា នោះ, ទីបំផុត បានចេញមុខសុំទោសជាសាធរណៈហើយ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ការចេញមុខសុំទោសនេះ ធ្វើឡើង បន្ទាប់ពី ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ បានប្រតិកម្មធ្ងន់ៗ ដោយលើកឡើងថា «តើបុគ្គល២នាក់ជាបងប្អូនខ្មែរយើង ឬបរទេស ?ប្រសិនបើជាខ្មែរយើងមែន គឺប៉ះ,ពាល់ធ្ងន់ធ្ងរណាស់ យករូបភាពសា,សនាជាសា,សនារបស់រដ្ឋមកលេងសើច»។
ព្រះសង្ឃវ័យក្មេង ដែលមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រខ្មែរ រូបនេះ បន្តថា «ផ្ញើជូនអាជ្ញា,ធរមានស,មត្ថកិច្ចគ្រប់ស្ថាប័នដែលពាក់ព័ន្ធចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ។ (ក្នុងករណីថា សាមីជននិយាយសុំ,ទោសហើយចប់ តើនីតិរដ្ឋរបស់ប្រទេស ឬតម្លៃរបស់ច្បាប់ដែលអនុមតិដោយអង្គនីតិប្បញ្ញត្តិនៅត្រង់ណា? សូមពិចារណាដោយយោនិសោមនសិការៈ)។
ក្រោយពីមានប្រតិកម្មធ្ងន់ៗបែបនេះ ម្ចាស់គណនីទីកតុកខាងលើ បានសម្រេចលុបវីដេអូនេះចោល រួចក៏បានបង្ហោះវីដេអូ លើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើការសុំទោសជាសាធារណៈ ភ្ជាប់ជាមួយសាររៀបរាប់ថា «នាងខ្ញុំសុំទោស ដែលបានថតVideo Tik Tok ដែលមិនសមរម្យធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងធ្វើអោយបងប្អូនប្រជាជនខ្មែរទាំងអស់មិនពេញចិត្តដោយអចេតនា ហើយខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់អភ័យទោសដល់រូបនាងខ្ញុំដោយអនុគ្រោះ»។
នៅក្នុងវីដេអូនោះ ពួកគេ បានលើកឡើងថា ដោយសារតែពួកគេ សប្បាយភ្លេចខ្លួន អត់បានគិតដល់រឿងនេះ។ មួយវិញទៀត ដោយសារតែឃើញប្រទេសជាតិខាងគេធ្វើចឹង ក៏ធ្វើតាមគេ ដោយធ្វើតាមភាពយន្តមួយ ហើយអត់ដឹងថា បងប្អូនប្រជាពលរដ្ឋខ្មែរ មានការខឹងសម្បាដល់ថ្នាក់ហ្នឹងនោះទេ។ ដូច្នេះ ពួកគេអត់មានពាក្យអ្វី ក្រៅពីពាក្យសុំទោសនោះទេ៕ ដើម្បី កាន់តែជ្រាបច្បាស់នោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖