ក្រោយពីលោក ចឺម បានបើកបង្ហាញទំនាក់ស្នេហាជាមួយ តារាសម្តែង សេង សុខឃីម ហៅ គីម គីម ជាសាធារណៈ រួចមក មានសារព័ត៌មានមួយចំនួន បានចាប់អារម្មណ៍យកទៅចុះផ្សាយព្រោងព្រាត បង្កឲ្យមានការចាប់អារម្មណ៍បន្ថែមទៀតដល់អ្នកគាំទ្ររបស់លោក។
នៅក្នុងការចុះផ្សាយនោះ សារព័ត៌មានមួយចំនួន បានលើកឡើងថា គូស្នេហ៍ថ្មីរបស់ចឺម ជាស្ត្រីមេម៉ាយ កូនមួយ អាយុជិត១០ឆ្នាំ ហើយមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដូចជាឡាន ទំនើប នៅផ្ទះវិឡារ ជាដើម ទើបធ្វើឲ្យសាមីខ្លួន កើតទុក្ខមិនសុខចិត្តចេញមុខបកស្រាយជុំវិញរឿងនេះ។
តារាសម្ដែង ជាប់ឈ្មោះជាមេម៉ាយកូន១ អ្នកនាង សេង សុខឃីម បានលើកឡើងឆ្លើយតបនឹងការចុះផ្សាយនោះថា «ឱអ្នកចុះព័ត៌មានអើយ អូនជូនបងស្រីអូនទៅយកឡានសោះ ពេលអូនឃើញព័ត៌មានចង់តែសើច អ្នកផ្ទះអូនធម្មតាៗណាស់ ម៉ាក់អ្នករកស៊ីធម្មតាៗ ជិះឡានធម្មតាៗទេ នៅផ្ទះធម្មតាៗ»។
តារាសម្ដែងរូបនេះ បន្តថា «សំខាន់កូនអូនទើបជាង៣ឆ្នាំទេ សុំចុះយកអាពិតខ្លះមក ខ្ជិលនិយាយច្រើនសុំតើម៉ាសុខទេ អូនអត់ចង់ល្បីចឹងៗទេ អូនជាមនុស្សត្រង់ អត់ចេះសម្តែង ឬលាក់បាំងក្នុងជីវិតពិតទេ បើសិនយាយទៅខុសទាស់ត្រង់ អូនសុំទោសទុកមុន»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោកចឺម បានដាក់ Relationship ជាមួយតារាស្រីខាងលើ បង្កឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង ហើយការបើកបង្ហាញស្នេហាថ្មីជាសាធារណៈនេះ ធ្វើឡើងបន្ទាប់ពួកគេ បានថត MV រួមគ្នានៅក្នុងបទចម្រៀង ដែលមានចំណងជើង ថា «ថ្លៃទឹកដោះ» ចេញជាផ្លូវការ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។
ក្រោយពីដាក់ Relationshipជាមួយគ្នារួចមក គេសង្កេតឃើញថា ចឺម តែង និងគូស្នេហ៍ តែងតែបង្ហាញភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយ គ្នា តាមរយៈការ ដើរទៅណាមកណាជាមួយគ្នា ការបង្ហោះរូបថត ការបង្ហោះសារឆ្លើយឆ្លងគ្នា ជាដើមនោះ។
លោក ចឺម ត្រូវបានគេកត់សម្គាល់ឃើញថា ជាបុរសសម្បូរស្នេហ៍ មានសង្សារច្រើន ហើយអតីតសង្សាររបស់នាយ សុទ្ធតែជាស្រីស្អាតសាច់សខ្ចីទាំងអស់ ដូចជាតារាសម្ដែង អៀ ម៉េងលិ តារាសម្ដែងអូនហ្វា ជាដើម។ ជុំវិញរឿងនេះ នាយចឺម ក៏ធ្លាប់សារភាពថា ពិតជាមានសង្សារច្រើនមែន។
ទោះយ៉ាងណា តារាចម្រៀងមានដើមកំណើតពីខេត្តកំពង់ស្ពឺរូបនេះ បានបញ្ជាក់ថា មនុស្សប្រុសមានសង្សារច្រើន មិនប្រាកដថា សាវាទេ គ្រាន់តែថា យើងស្វែងរកមនុស្សស្រី ដែលរស់នៅជាមួយយើងបាន អាចយកទៅជាអនាគតបាន។ យើងស្វែងរកមនុស្សល្អ អ្នកណាក៏ចង់បានមនុស្សល្អដែរ ប្រពន្ធសំខាន់ណាស់៕