ប្រិយមិត្ត អ្នកតាមដានព័ត៌មានសិល្បៈ បានដឹងរួចមកហើយថា តារាចម្រៀង តន់ ចន្ទសីម៉ា បច្ចុប្បន្នជាគ្រាប់ពេជ្ររបស់ផលិតកម្មGalaxy Navatra ហើយជាអតីតបេក្ខនារី ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី២។
គេនៅចាំបានថា នៅពេលនោះ ក្នុងវគ្គThe Blind Auditions តន់ ចន្ទសីម៉ា បានលើកយកចម្រៀង១បទ មានចំណងជើងថា «កុំបាច់ដេញអូនឲ្យស្រឡាញ់គេ» មកបង្ហាញសមត្ថភាព។ ប៉ុន្តែ នាងទទួលបានការគោះប៊ូតុងពីតារាចម្រៀងឱក សុគន្ធកញ្ញាតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមគណៈកម្មការរហូតទៅដល់៤នាក់នោះ។
ប្រការនេះ ហើយទើបគេលើកសរសើរតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមានភ្នែកមុត សម្រេចជ្រើសរើសយកនាង ខណៈអ្នកផ្សេងទៀត មើលរំលងសមត្ថភាពរបស់នាងនោះ ហើយទីបំផុត សីម៉ា ក្លាយជាតារាចម្រៀងម្នាក់ ដែលល្បីឈ្មោះ រហូតអាចចាប់ដៃគូច្រៀងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលជារៀមច្បងរបស់គ្រូបង្វឹកនាងនោះ។
រំលឹកមកក្រោយបន្តិចទៀត នៅពេលនោះ ទោះឧក សុគន្ធកញ្ញា មានភ្នែកមុតប៉ុណ្ណា ក៏ទីបំផុត នាងមើលឃើញពីសមត្ថភាពរបស់បេក្ខជនម្នាក់ទៀត ល្អជាងតន់ ចន្ទសីម៉ា ហើយសម្រេចចិត្តជ្រើសរើសរូបគេ ធ្វើឲ្យតន់ ចន្ទសីម៉ា ធ្លាក់ក្នុងវគ្គ Live Showសប្ដាហ៍ទី៤។ បរាជ័យនៅពេលនោះ មិនបានធ្វើឲ្យសីម៉ា បា.ក់ទឹកចិត្តនោះឡើយ ហើយរឹតតែធ្វើឲ្យនាងតស៊ូរហូតមានលទ្ធផលដូចសព្វថ្ងៃនេះ។
ដោយសារធ្លាប់ឆ្លងកា.ត់បទពិសោធន៍ជីវិតបែបនេះហើយ បានជារឿយៗ តន់ ចន្ទសីម៉ា តែងតែបង្ហោះសារធ្វើការលើកទឹកចិត្តដល់អ្នកគាំទ្រ កុំឲ្យបោះបង់ចោលក្ដីស្រមៃរបស់ខ្លួននោះ ត្រូវតែខិតខំតស៊ូជម្រះរាល់ឧប សគ្គ ដោយការដើរទៅមុខជានិច្ចនោះ។
ការរៀបរាប់ខាងលើនេះ ជាអ្វី ដែលប្រិយមិត្ត អ្នកតាមដានព័ត៌មានសិល្បៈ បានដឹងរួចមកហើយ តែអ្វីដែលអ្នកគាំទ្រមួយចំនួន ទំនងជាមិនធ្លាប់ដឹងនោះ គឺថា តន់ ចន្ទសីម៉ា ជាអតីតជាសិស្សជយលាភីស្មូតកំណាព្យលេខ១ប្រចាំ ខេត្តតាកែវ ហើយមាននិស្ស័យសិល្បៈទាំងពីកំណើត ដោយនាងមានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ។
សីម៉ាមានបងប្អូន៤នាក់ សុទ្ធតែស្រីទាំងអស់ ហើយនាងជាកូនទី៣ក្នុងគ្រួសារ។ សីម៉ា មាននិស្ស័យលើសិល្បៈតន្ត្រីតាំងពីនាងទើបមានអាយុ ៥ឆ្នាំម្ល៉េះ។ ដោយសារនិស្ស័យសិល្បៈដុះដាលក្នុងចិត្តតាំងពីនាយបែបនេះ ផ្សំនឹងការសិក្សាបញ្ចប់ថ្នាក់ទី១២ផង សីម៉ា ក៏បានសម្រេចចិត្តចាកចោលភូមិស្រុកឡើងមកបន្តការសិក្សា នៅភ្នំពេញនាដើមឆ្នាំ ២០១៧ ក្នុងដែលពេលនោះ នាងទើបមានអាយុ ១៧ឆ្នាំប៉ុណ្ណោះ។
តារាចម្រៀង ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្មGalaxyរូបនេះ ប្រាប់ថា នៅលើដីក្រុង គឺមានតែនាងម្នាក់ឯង គ្មានគ្រួសារ សាច់ញាតិអ្វី ដែលអាចពឹងពាក់បានឡើយ។ ដូច្នេះហើយ រឿងត្រូវធ្វើ គឺត្រូវខំរស់ដោយខ្លួនឯង ព្រោះស្ថានភាពគ្រួសាររបស់នាង ក៏មិនជាធូរធារដែរ។ ស្ថានភាពនេះ សីម៉ា ប្រាប់ថា សំអាងលើទេពកោសល្យសិល្បៈចម្រៀងរបស់នាង នាងក៏ចេញរកការងារធ្វើ ហើយជាភ័ព្វល្អ នៅខ្ទង់ពាក់កណ្ដាលឆ្នាំ ២០១៧ នាងត្រូវបានថៅកែហាងមួយ ព្រមទទួលយកនាងធ្វើជាតារាចម្រៀងក្នុងហាងរបស់ខ្លួន ហើយពេលនោះ ជីវិតតស៊ូ ជាអ្នករៀនផង ធ្វើការផង ក៏បានចាប់ផ្ដើមឡើង។
ចូលច្រៀងក្នុងហាងខាងលើនោះ សីម៉ា ត្រូវបានថៅកែផ្ដល់ប្រាក់ខែ ៤៥០ដុល្លារក្នុង១ខែ។ ចំនួននេះ តារាស្រីលើកឡើងថា សមល្មមនឹងអាចឲ្យនាង រស់បានណាស់ទៅហើយ ហើយរឹតតែសប្បាយចិត្តទៅទៀតព្រោះ នាងមិនដែល សង្ឃឹមថា សមត្ថភាពច្រៀងរបស់នាង ដែលធ្វើទៅតាមនិស្ស័យសោះ អាចឲ្យនាងរកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងផ្គត់ផ្គង់ការសិក្សាថែមទៀត។ ក្រោយពីច្រៀង នៅក្នុងហាងបានមួយរយៈធំ នាងក៏បានឈប់វិញ ហើយក៏បានដាក់ពាក្យប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia នាឆ្នាំ២០១៦។
ក្រឡេកមកមើលបច្ចុប្បន្ននេះ សីម៉ា កំពុងមានប្រជាប្រិយភាពខ្លាំងណាស់ ហើយនាងក៏មិនភ្លេចពីអតីតកាលរបស់ខ្លួនដែរ ដោយនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ នាង បានបង្ហោះរូបថត ៣សន្លឹក ដោយ១សន្លឹករូបកាលនាងសូតកំណាព្យជាប់លេខ១, រូប១ទៀត ជារូបនាង ពេលចូលរួមប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia នាឆ្នាំ២០១៦ និងរូប១សន្លឹកទៀតជារូបបច្ចុប្បន្ន ទំនងជារូប ពេលថតបទ Are You Ok?
បង្ហោះភ្ជាប់ជាមួយរូបថតទាំង៣នេះ សីម៉ា បានដាក់Captionថា «ពេលខ្ញុំឃើញរូបខ្លួនឯង មានអារម្មណ៍ថាខ្ញុំដើរបានឆ្ងាយដែរហើយ ខ្ញុំអាចញញឹមមុខកាមេរ៉ាបាន គឺដើម្បីបំពេញក្ដីសុបិន ស្វែងរកអនាគតសមរម្យមួយ មិនចង់ចាញ់ឈ្នះអ្នកណាម្នាក់ទេ គឺចង់យកឈ្នះខ្លួនឯង។ ទោះខ្ញុំធ្លាប់បរាជ័យ តែខ្ញុំមិនចុះចាញ់នឹងជីវិតខ្លួនឯងទេ នៅពេលដែលរាងកាយខ្ញុំផ្ដល់អារម្មណ៍មកខ្ញុំថាហត់ណាស់ហើយ តែខ្ញុំតែងតែឆ្លើយប្រាប់ខ្លួនឯងថា មិនទាន់ដល់គោលដៅមិនអាចសម្រាកបានទេ។ តើបងប្អូនណាខ្លះដែលហត់ហើយ មិនហ៊ានសម្រាកបាន?»។
ក្រោយពី បានអានអត្ថបទខាងលើរួចមក រួមនឹងទស្សនាវីដេអូស្មូតកំណាព្យរបស់នាង ខាងក្រោមនេះ អ្នកគាំទ្រ ច្បាស់ជាលាន់មាត់សរសើរថា នាងមានប្រវត្តិមិន ធម្មតានោះឡើយ។ តោះ ដើម្បីកុំឲ្យរង់ចាំយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ៖