អ្នកលេងបណ្ដាញសង្គមTik Tokច្បាស់ជាស្គាល់រួចមកហើយនូវលោក បាន សំណាង ហៅណុយ តាមរយៈការនិយាយដូចសូត្រធម៌បែបកំប្លែងស្ងួត ហើយការនិយាយរបស់លោក តែងតែទទួលបានការគាំទ្រយ៉ាងច្រើន ពិសេសអ្នកកំពុងទុក្ខព្រួយ ស្ដាប់លោកនិយាយច្បាស់ជារីករាយវិញមិនខាន។
ដោយសារ ទេពកោសល្យ ប្រជាប្រិយភាពរបស់លោក តាមរយៈបណ្ដាញសង្គមខាងលើនេះហើយ ទើបលោក ត្រូវបានក្រុមការងារទូរទស្សន៍My TVទាក់ទងឲ្យចូលរួមនៅក្នុងកម្មវិធីមួយឈ្មោះថា «A1 Twist»ដើម្បីបង្ហាញសមត្ថភាព ឲ្យទស្សនជនបានឃើញបន្ថែមទៀត។
នៅក្នុងបណ្ដាញសង្គមTik Tokឃើញថា លោកនិយាយបានយ៉ាងល្អ ហើយហាក់ពុំមានការពិតភ័យនោះឡើយ ប៉ុន្តែពេលឡើងកម្មវិធីខាងលើ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នោះ រូបលោកបែរជាភ័យឡើងញ័រ ហើយរាងប្រែសំឡេងខុសពីធម្មតា។
ទោះបែបនេះក្ដី លោកនៅតែនិយាយបានល្អ តាមរយៈការលើកយកពាក្យពេចន៍កំប្លែង ដែលលោកបាននិយាយរួចមកហើយនៅក្នុងបណ្ដាញសង្គមTik Tokនោះ ព្រមទាំងលើកយកប្រវត្តិបងប្អូនរបស់លោក មករៀបរាប់ ស្ដាប់ហើយមិនអាចទប់សំណើចបានឡើយ។
ក្រោយឡើងកម្មវិធីនោះរួចមក លោកបាន សំណាង ដែលមានស្រុកកំណើតស្រុកមេសាង ខេត្តព្រៃវែង ក៏បានចេញវីដេអូ នៅក្នុងបណ្ដាញសង្គមដដែលនេះ ដើម្បីជូនដំណឹងឲ្យបងប្អូន អ្នកគាំទ្រ ចូលទៅទស្សនាការឡើងប៉ុស្តិ៍ទូរទស្សន៍លើកទី១របស់លោកនៅក្នុងទំព័រហ្វេសប៊ុក A1 Twistហើយលោកក៏បានធ្វើការសុំទោសផងដែរ ចំពោះភាពពិតភ័យក្នុងពេលនោះ។
តាំងពីឡើងកម្មវិធីខាងលើនោះរួចមក បច្ចុប្បន្ន លោកបាន សំណាង មានឱកាសថតរឿង ,MVជាច្រើនជាមួយតារាល្បីៗទៀតផង ព្រមទាំងការងារក្នុងកម្មវិធី «អ្នកជិតខាង» ជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់លោកកាន់តែកើនឡើងគួរឲ្យកត់សម្គាល់៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖