ប្រិយមិត្ត បានជ្រាបរួចមកហើយថា Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុនរបស់ខ្លួនទៅឈ្មោះថ្មីមួយទៀតថា Meta នៅក្នុងព្រឹត្តិការណ៍ Facebook Connect ប្រចាំឆ្នាំ ហើយសូរសំនៀងនៃឈ្មោះថ្មី នេះ វាស្រដៀងទៅនឹងពាក្យខ្មែរយើងមួយគឺពាក្យ មេត្តា ផងដែរ។
ក្រោយពីធ្វើការផ្លាស់ប្ដូរឈ្មោះជាផ្លូវការហើយនៅ Mark Zuckerberg បានបង្ហោះរូបថតរបស់ខ្លួនមួយសន្លឹក ភ្ជាប់ជាមួយពាក្យយ៉ាងខ្លីថា «Hello, Meta.»។ ដោយឃើញ Mark Zuckerbergបង្ហោះដូច្នេះ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ បានស្ក្រីនសត បង្ហោះចូលគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីជាការដាស់តឿនដល់កូនខ្មែរចេះស្រឡាញ់រាប់អានគ្នា ជាដើម។
ព្រះតេជព្រះគុណ បានមានសង្ឃដីកា ដាស់តឿនដូច្នេះថា «ក្រុមហ៊ុនហ្វេសបុក បានដូរឈ្មោះថ្មីថា “មេតា (Meta) ឬអាចនិយាយបានថា មេត្តា (metta) ជាន័យ ដែលអាត្មាភាពយកជា គតិដាស់តឿន។ ដូចនេះ ញាតិញោមទាំងឡាយគប្បីមានមេត្តាស្រឡាញ់រាប់អានគ្នា កុំជេរប្រមាថគ្នាអីណា កុំឱ្យខ្មាសក្រុមហ៊ុនអាម៉េរិកដាក់ឈ្មោះសុទ្ធតែមេតា ដែលមានសំនៀងអានប្រហាក់ប្រហែលនឹងមេត្តា។ បញ្ជាក់៖ សូមមេត្តាអានខ្លឹមសារសំណេរខ្ញុំព្រះករុណាអាត្មាភាពដោយយោនិសោមនសិការៈ ។
សូមអរព្រះគុណ និងអរគុណ!»។
តាមរយៈសារដាស់តឿន បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនយល់ច្រឡំថា ព្រះតេជគុណ ធ្វើការបកប្រែពាក្យនេះ ទើបមានការលើកឡើងពន្យល់ថា «Meta គឺជាឈ្មោះថ្មីរបស់ក្រុមហ៊ុន Facebook ដែលនឹងគ្រប់គ្រងលើ Social Media App ទាំងអស់របស់ក្រុមហ៊ុន Facebook ហើយនឹងក្លាយទៅជាក្រុមហ៊ុន Social Media យក្សមួយដែលធំជាងគេ នឹងគ្រោងបង្កើត Social Media តាមរយៈការប្រើប្រាស់ VR ផងដែរ!
សូមបញ្ជាក់ថា ពណ៌ខៀវ និង ស នៅតែដដែលមិនដូរទេ គ្រាន់តែជ្រកក្រោមឈ្មោះថ្មី Rebrand ក្រុមហ៊ុនថា Metaការចាប់ផ្ដើមនេះអាចនឹងដំណើរការនៅដើមខែវិច្ឆិកាខាងមុខនេះ ហើយអាចនិយាយបានថា មានតែ Facebook ទេនឹងចាប់ផ្ដើមធ្វើ Social App តាមរយៈ VR មុនគេពីគម្រោងនាពេលអនាគត, Project នេះជ្រកក្រោមឈ្មោះថា “Metaverse” បញ្ជាក់ថា App ទាំងអស់មិនត្រូវបានដូរឈ្មោះទេ ជាពិសេស Facebook App នៅរក្សាឈ្មោះដដែល!,
សូមតេជគុណ កុំទៅបកប្រែពាក្យពីបរទេស (Meta)មានន័យថា មេត្តាអី ខណៈដែលយើងមិនទាន់ដឹងច្បាស់ពីន័យនោះពិតប្រាកដនៅឡើយ។ គ្រាន់តែសូរសព្ទពាក្យដូចសំនៀងខ្មែរ ( meta មេតា) តែវាមិនមែនមានន័យថា (មេត្តា) ទេ។,
ដោយមានការយល់ច្រឡំបែបនេះ ព្រះតេជព្រះគុណ ក៏បានបង្ហោះសារមួយទៀត ដោយបញ្ជាក់ថា «សូមមេត្តាអានខ្លឹមសារសំណេរខ្ញុំព្រះករុណាអាត្មាភាពដោយយោនិសោមនសិការៈ ។
សូមអរព្រះគុណ និងអរគុណ!»៕