លោកអ្នក បានជ្រាបរួចមកហើយថា Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុនរបស់ខ្លួនទៅឈ្មោះថ្មីមួយទៀតថា Meta នៅក្នុងព្រឹត្តិការណ៍ Facebook Connect ប្រចាំឆ្នាំ ហើយសំនៀងនៃឈ្មោះថ្មី នេះ វាស្រដៀងទៅនឹងពាក្យខ្មែរយើងមួយគឺពាក្យ មេត្តា ផងដែរ។
ពាក្យថា Meta នេះ ជាពាក្យដែល Mark Zuckerberg ចាប់ចេញពីពាក្យ Metaverse ដែលសំដៅទៅដល់ពិភពសិប្បនិម្មិតមួយ ដែលមនុស្សអាចធ្វើរឿងគ្រប់យ៉ាង ដែលខ្លួនចង់ធ្វើទៅតាមការស្រមើស្រមៃច្នៃបង្កើត បីដូចជាក្នុងកុនហូលីវូដ Ready Player One ដូច្នោះដែរ។
ក្រោយពីធ្វើការផ្លាស់ប្ដូរឈ្មោះជាផ្លូវការហើយនៅ Mark Zuckerberg បានបង្ហោះរូបថតរបស់ខ្លួនមួយសន្លឹក ភ្ជាប់ជាមួយពាក្យយ៉ាងខ្លីថា «Hello, Meta.»។ ដោយឃើញ Mark Zuckerbergបង្ហោះដូច្នេះ លោក ឌួង ឆាយ ក៏បានចូលទៅខំមិនជាភាសាអង់គ្លេសថា «Hi Mark, Meta is such a very meaningful name in my khmer language are loving kindness and benevolence. By the way Hi from CAMBODIA »។
ចំពោះខ្លឹមសាររបស់លោក ឌួង ឆាយ បើសម្រួលជាភាសាខ្មែរមានន័យថា «សួស្ដីលោក Mark, Meta (មេត្តា) គឺជាឈ្មោះ ដែលមានអត្ថន័យខ្លាំងណាស់ នៅក្នុងភាសាខ្មែររបស់ខ្ញុំ គឺ មានន័យថា “សេចក្តីស្រឡាញ់, សេចក្តីល្អ, ភាពរួសរាយ”។ ពីខ្ញុំ មកពីប្រទេសកម្ពុជា»។
តាមរយៈខំមិនរបស់លោក ឌួង ឆាយ នេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាជនជាតិខ្មែរដូចគ្នាមួយចំនួន ធ្វើការលើកឡើងបន្ថែមថា «មេត្តាអើយ! ស្គាល់កម្ពុជាផង ពួកខ្ញុំសាមញ្ញណាស់ ថ្មីៗនេះ ទើបជាប់ជា ប្រទេសរួសរាយបំផុតលំដាប់លេខ1 លើតារាងផង ពេលមួយបើអ្នកនិយាយអ្វីពីកម្ពុជាតែបន្តិចពួកខ្ញុំនឹងស្លា,ប់ចិត្តលើអ្នកមិនខាន we love fbនេះជាតួអក្សរនៃភាសាប្រទេសខ្ញុំ បើអ្នកចង់ដឹងច្បាស់សូម translate បន្ថែម! Thanks,
បើតាមខ្ញុំយល់ ពាក្យMeta ដែលមេហ្វេសប៊ុក យកមកប្រើនេះ គឺ យកតាមទីប្រឹក្សា ដែលជនជាតិឥណ្ឌា ជាច្រើនដែលធ្វើការនៅទីនោះ។ ព្រោះពាក្យមេត្តា មានន័យថាស្រលាញ់ យោគយល់ អនុគ្រោះ ជាដើម ។ ភាសាសំស្ក្រឹត និង ភាសាខ្មែរ ដូចគ្នាច្រើនណាស់»។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរឈ្មោះក្រុមហ៊ុននេះ មិនធ្វើឲ្យប៉ះដល់ដល់កម្មវិធីផ្សេងៗដូចជា Facebook, Instagram, WhatsApp និង Messenger នោះទេ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន ក៏ពេញចិត្តនឹងឈ្មោះមួយនេះផងដែរ ដោយសារវាស្រដៀងភាសាខ្មែរ «មេត្តា»៕