លោកអ្នក មួយចំនួន ទំនងជា បានជ្រាបរួចមកហើយ នូវខ្សែជីវិតរបស់អតីតពលករប្រទេសកូរ៉េ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកើតចេញពីត្រកូលកសិករ និងមានស្រុកកំណើត នៅភូមិ ត្រពាំងសាលា ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយក៏ជាអ្នកដែលតស៊ូខ្លាំងបំផុតដើម្បីចាកចេញពីភាពក្រីក្រ។
អ្នកឧកញ៉ា បានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ក្នុងជីវិត រហូតក្លាយឈ្មោះជាឧកញ៉ា និងបច្ចុប្បន្នមានឈ្មោះជាអ្នកឧកញ៉ា ដែលមានលុយវាល់លានដុល្លារ មានជំនួញធំៗជាច្រើន និងជាសប្បុរសជនដ៏ល្បីល្បាញមួយរូបផងដែរ។
ដោយឡែក នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ អ្នកឧកញ៉ាចិត្តធម៌រូបនេះ បានរំលឹកអនុស្សាវរីយ៍របស់ខ្លួន កាលនៅជាកសិករ ដោយជួយស្ទូងលោកតា លោកយាយ ហើយស្ទូងរួច ថែមទាំងជូនលុយដល់ពួកគាត់ទៀតផង។
បង្ហោះភ្ជាប់រូបថត និងវីដេអូ ពេលកំពុងស្ទូងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់ថា «ស្ទូងប្រណាំងគ្នា រំលឹកអនុស្សាវរីយ៍ជួយស្ទូងលោកតាលោកយាយ ដំបូងគាត់ដូចបារម្ភខ្លាចខូចស្រូវគាត់ ចុងក្រោយគាត់សួរថា ចៅនៅឯណាបានចេះស្ទូងហើយលឿនចឹង
ពេលស្ទូងពេញស្រែហើយជូនលុយគាត់300ដុល្លារដំបូងអត់ចង់ទទួលទៀត គាត់ដូចឆ្ងល់ ដល់ពេលគាត់ព្រមទទួល គាត់អោយពរ ហើយចងលុយនៅជាយក្រមាតែម្ដង។ យើងមើលស្ថានភាពគ្រួសារគាត់បែបនេះ អ្នកក្រុងល្មមសូមខ្មាស គាត់ថា គាត់មានដីជិតមួយហិចតាហើយមួយហិចតាគេលក់ក្បែរនឹងបាន50ម៉ឺនដុល្លារហើយ»៕