នៅក្នុងការឡាយវីដេអូ ចេញពីក្នុងរថយន្តរបស់ខ្លួន កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ អ្នកនាង មាស សុវណ្ណរតនា ម្ចាស់ប្រេន NUNA បានស្រែកទ្រហោយំ ឈឺចាប់ ដោយសារបញ្ចូលលុយដាក់ក្នុងទូ ម៉ាស៊ីនATMរបស់ធានាគារABAសាខាស្ពានអាកាសផ្សារដីហុយ ស្រាប់តែគាំងម៉ាស៊ីន ហើយលុយមិនចូលក្នុងគណនីរបស់អ្នកនាង។
ពិធីការិនី មាស សុវណ្ណរតនា បានរៀបរាប់ទឹកភ្នែកថា ភ្លាមៗដែលកើតរឿងនេះ អ្នកនាង និងស្វាមីបានចូលទៅក្នុងធនាគារដើម្បីប្រាប់ដល់បុគ្គលិកនៅទីនោះ អោយជួយរកដំណោះស្រាយព្រោះអ្នកនាងត្រូវការបង្វិលលុយទូទាត់អោយគេចាំបាច់ណាស់ មិនអាចខកឬលើកពេលបានទេ។ ប៉ុន្តែបែរជាបុគ្គលិកធនាគារខ្លះថា ៣ថ្ងៃបង្វិលបាន ខណៈមេកើយផ្សេងទៀតថា១, ២, ឬ២អាទិត្យទៀតទើបដោះស្រាយកើត។
ក្រោយពីអ្នកនាងឡាយ ធ្វើឲ្យកក្រើកបណ្ដាញសង្គមនោះ ស្រាប់តែរយៈពេលមិនដល់២៤ម៉ោងផង លុយរបស់អ្នកនាង ក៏បានចូលកុងវិញជាធម្មតា ធ្វើឲ្យអ្នកនាងសប្បាយចិត្តជាពន់ពេក ហើយធ្វើការអរគុណដល់អនាគារABA ដែលជួយពន្លឿនកិច្ចការនេះជូនខ្លួនផងដែរ។
អ្នកនាង បានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយរៀបរាប់យ៉ាងវែងអន្លាយដូច្នេះថា «សប្បាយចិត្តណាស់ ថវិការបស់នាងខ្ញុំ ដែលបានដាក់ចូលម៉ាស៊ីនទូ ATM (ABA) បានជាប់គាំងកាលពីយប់មិញ ឥលូវបានចូលមកក្នុងគណនីរបស់នាងខ្ញុំវិញហើយ សូមអរគុណដល់ធនាគារ ABA ដែលបានជួយពន្លឿន និងមានដំណោះស្រាយលឿនរហ័សទាន់ចិត្តមិនដល់ ២៤ម៉ោងជូនដល់អតិថិជន
និងសូមអរគុណបងស្រីម្នាក់…. (ABA)ដែលបងស្រីបានទំនាក់ទំនង មកនាងខ្ញុំកាលពីម៉ោង៦:០៨ព្រឹក ដោយគាត់ទើបតែបានមើលវីដេអូរបស់នាងខ្ញុំរួច ហើយបានជួយពន្លឿន និងរកដំណោះស្រាយឆាប់រហ័សជូនមកនាងខ្ញុំក្នុងការសម្របសម្រួលបញ្ហាដែលកើតឡើង សូមអរគុណ…!!
នាងខ្ញុំសូមបញ្ជាក់ ៖ បើអត់មានតំណាងសាខា ABA (ទឹកថ្លា) ក្រោមស្ពានអាកាសផ្សារដីហ៊ុយណាម្នាក់ ធ្វើការសុំទោសនាងខ្ញុំទេ ប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយពេលនាងរួចរាល់ធុរៈការងាររបស់នាងខ្ញុំរួច នាងខ្ញុំនឹងទៅធនាគារដើម្បីធ្វើការបិទគណនីរបស់នាងខ្ញុំទាំងអស់ឈប់ប្រើប្រាស់ជាងរៀងរហូត
(ខ្ញុំអត់បានគំរាមទេសូមបញ្ជាក់តែនាងខ្ញុំឈឺចាប់ខ្លាំង ហើយក៏មិនចង់យកភាពល្បីដោយការមានបញ្ហាជាមួយខាងធនាគារដែរ) នាងខ្ញុំចង់អោយខាងសាខាមានដំណោះស្រាយ មានការទទួលខុសត្រូវ មានរបៀបទំនាក់ទំនងពន្យល់អតិថិជនដោយល្អទទួលយកបាន និងស្ដាប់ហេតុផលរបស់អតិថិជនផងអំពីបញ្ហារបស់គាត់ត្រូវការ សូមអរគុណ
សុំកែតម្រូវពាក្យ៖ សុំទោស ការសុំទោសខ្ញុំបានទទួលតាមទូរស័ព្ទច្រើនខ្សែរួចហើយតាំងពីព្រឹក ខ្ញុំបានបាត់ខឹងហើយ អ្វីដែលខ្ញុំចង់បាន គឺបងៗនៅក្នុងហេតុការណ៍នោះ ប្រហែល៥នាក់ឬ៧នាក់ ជួបតទល់គ្នា ហើយធ្វើការពន្យល់ខ្ញុំឲ្យបានច្បាស់អំពីបែបបទដែលប្រាប់ខ្ញុំថា ម្ដង៣ថ្ងៃបាន ដល់ខ្ញុំត្រូវការលុយបន្ទាន់សួរនាំច្រើន បងម្នាក់ទៀតមកថាដល់៣សប្ដាហ៍ ប៉ុន្តែប្រព័ន្ធធនាគារលឿនរហ័សមិនដល់២៤ម៉ោងផងទទួលបានលុយវិញ តើបែបបទបងៗនិយាយនោះយ៉ាងដូចម្ដេចសូមជួយពន្យល់ខ្ញុំឲ្យបានច្បាស់បន្តិច។
បើបានលុយមកវិញលឿនចឹងក៏គ្មានរឿងបែបនេះកើតដែរ មិនដល់២៤ម៉ោងផង..សូមបញ្ជាក់ការសុំទោសគឺមិនសំដៅដល់ការសំពះលុតជង្គង់អ្វីឡើយ វាគឺជាការទទួលយកការកែប្រែធ្វើឲ្យល្អឡើងវិញ សូមបងប្អូនកុំមានការយល់ច្រឡំ ពាក្យសុំទោសនេះ»។
បន្ថែមលើនេះ អ្នកនាង បានបញ្ជាក់ក្នុងខំមិនថា «ប្រហែលទំនេរអត់ការងារធ្វើហើយមើលទៅបានជាទៅមានបញ្ហាជាមួយធនាគារ រឿងកើតឡើងដោយមនុស្សមិនចេះដោះស្រាយបញ្ហា ទៅទម្លាក់កំហុសអោយម៉ាស៊ីន ប្រព័ន្ធការងារខ្លួនឯងយឺតយ៉ាវ មកថា អោយអតិថិជនខ្លួនឯងអត់ចេះរង់ចាំ បុគ្គលិកគ្មានដំណោះស្រាយល្អឱ្យអតិថិជន ម្ដងថា៣ថ្ងៃ ដល់យើងសួរនាំច្រើនឡើងដល់៣សប្ដាហ៍តាមមាត់របស់គាត់ គ្មានភាពជាក់លាក់ឱ្យអតិថិជន
បុគ្គលិកខ្លះម៉ោងធ្វើការតែខំប្រឹងតប comment ណាស់ទាំងមិនស្ថិតនៅក្នុងហេតុការណ៍ ព្រោះចង់ការពារកិត្តិយសកន្លែងធ្វើការខ្លួននិងបុគ្គលមិនល្អមួយចំនួនតូច ដែលជ្រោកក្រោមដំបូលតែមួយទាំងងងឹតងងុល មិនយកពេលធ្វើការឲ្យល្អជាមួយអតិថិជន
បុគ្គលិកខ្លះមុខមាត់ស្អាតបាតតែគ្មានសីលធម៌ ឬខាងធនាគាររើសយកតែមុខមាត់ស្អាតបាត តែអត់ខ្វល់ពីសីលធម៌ បុគ្គលខ្លះគំរាមថា ប្រយ័ត្នគេហៅផឹកទឹកតែ វាស់កម្ពស់ ឬស្អែកឡើងliveសំពះសុំទោសយំអីទៅ នេះជាការគំរាមដោយប្រយោលថា បើមានបញ្ហាហាមតវ៉ា បែបបទមិចគឺចឹងតាមមាត់របស់គាត់កំណត់ ចូលcomment ចង់ឈ្នះចាញ់ជាមួយអតិថិជនដោយមិនខ្វល់ថាស្ថាប័នខ្លួននិងបាត់បង់អតិថិជនកាន់តែច្រើនដោយសារមានបុគ្គលិកបែបនេះ
តើប្រជាពលរដ្ឋប៉ុន្មាននាក់ដែលជួបបញ្ហាបែបនេះ? តើការដោះស្រាយជូនអតិថិជនបែបយ៉ាងមិច ? សូមមើល comment ក្នុងវិដេអូទាំងអស់ផងតើមានប្រជាពលរដ្ឋជួបបញ្ហាប៉ុន្មាននាក់ ហើយការដោះស្រាយគាត់ពេញចិត្តដែរឬទេ…»៕