ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានប្រកាសក្ស័យធន ជំពាក់បំណុលគេជាង៥៧ម៉ឺនដុល្លារ និងសុំជំនួយពីអ្នកគាំទ្រចំនួន១ដុល្លារ ដើម្បីដោះបំណុល។
ក្រោយពីអ្នកនាង ប្រកាសភ្លាម បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការអាណិតអាសូរ បានជួយលុយជាបន្តបន្ទាប់ ស្រាប់តែលេខមុខគ្រូជោគជ័យម្នាក់ អះអាងថា នេះជាគំនិតរបស់ខ្លួន ដើម្បីជួយអ្នកនាងខ្ញុង ឲ្យចាកចេញពីបំណុលនោះ ទើបធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជាខ្លាំង។
បន្ទាប់ពីមានប្រតិកម្ម អ្នកនាង ខ្ញុង ក៏បានឡាយវីដេអូ បកស្រាយ និងបង្ហាញលុយ ដែលទទួលបានពីសប្បុរសជន ជាង៥ម៉ឺនដុល្លារនោះ។ បន្ទាប់មក ក៏បានប្រកាសលក់ឡាន ដើម្បីធ្វើដើមទុកក្នុងការរកស៊ីផងដែរ។
ចាប់តាំងពីនោះមក អ្នកនាង ក៏ចាប់ផ្ដើមឡាយលក់ប្រហុកផ្អក ស្ករ ត្រី ឡើងវិញ ព្រមទាំងថ្មីៗនេះ បានប្រកាសលក់ទ្រព្យសម្បត្តិទាំងអស់ រួមទាំងគ្រែដេករបស់អ្នកនាងផងដែរ។ ក្រោយមកទៀត ស្រាប់តែ ម្ចាស់បំណុលម្នាក់ បានទៅដល់ផ្ទះខ្ញុង ដើម្បីទារលុយ តែដោយឃើញស្ថានភាពជាក់ស្ដែង ពិបាកមើលពេក ក៏ជូនលុយថែមទៀត។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះWilly Matin បានរៀបរាប់ដូច្នេះថា «ខ្ញុំជាម្ចាស់បំណុលមួយរូប តែដល់មកឃើញទិដ្ឋភាពជាក់ស្តែងកម្សត់បែបនេះ ខ្ញុំមិនដាច់ចិត្តបង្ខំទារយកលុយពីគាត់ភ្លាមៗទេ ថែមទាំងក្ដុកក្ដួលក្នុងចិត្ត បែរជាអាណិតជួយ ឧបត្ថម្ភបន្ថែម ទឹកប្រាក់300$ ដើម្បីជួយសម្រួលជាដើមទុនលក់ដូរសម្រាប់ទៅថ្ងៃមុខវិញ»៕