កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈតារាសម្ដែង ដែលកំពុងទទួលបានប្រជាប្រិយភាព កញ្ញា Ah Na Rose បានបង្ហោះសំណេរមួយសុំទោសជាសាធារណៈ ទៅកាន់ថៅកែពេជ្រលោកស្រី ទ្រី ដាណា។
ការសុំទោសពីចម្ងាយទាំងញ័រខ្លួនរបស់កញ្ញា Ah Na Rose គឺធ្វើឡើងបន្ទាប់ពីទទួលបានលិខិតអញ្ជើញមួយរបស់លោកស្រី ទ្រី ដាណា ដែលតម្រូវឱ្យចូលខ្លួនដោះស្រាយបញ្ហាបញ្ចេញមតិនៅលើបណ្ដាញសង្គម។
ដោយលិខិតអញ្ជើញនៃក្រុមមេធាវី HNS ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «សូមអញ្ជើញ ឈ្មោះ ហាក់ វីរ៉ាស្រីរ័ត្ន ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Na Rose ចូលមកកាន់ក្រុមមេធាវី អេជ អេន អេស (HNS) ដែលមានការិយាល័យនៅផ្ទះលេខៈ ៧៤ ផ្លូវលេខៈ ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ០២៖០០រសៀល
ដើម្បីចូលរួមដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងការបញ្ចេញមតិ (Comment) ថា ៖ ចែស្អាតណាស់តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឱ្យបងតុបតែងខ្លួនមើលទៅស៊ីវីល័យសាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៌របស់បង ក្នុងហ្វេសប៊ុកផេក របស់កូនក្ដីខ្ញុំបាទ ដោយការចូលបញ្ចេញមតិខាងលើបានធ្វើឱ្យប៉ះពាល់កិត្តិយសកេរ្ដិ៍ឈ្មោះរបស់កូនក្ដីខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ និងបញ្ហាប្រឈមមួយចំនួនទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឈ្មោះ ហាក់ វីរ៉ាស្រីរ័ត្ន ចូលមកដោះស្រាយបញ្ហាខាងលើនេះកុំបីអាក់ខានឡើយ។ បើពុំមកតាមការកំណត់នោះទេ ខ្ញុំបាទនឹងកសាងសំណុំរឿងខាងលើនេះ ប្ដឹងទៅកាន់សមត្ថកិច្ចដែលពាក់ព័ន្ធ ចាត់ការទៅតាមនីតិវិធីច្បាប់នៃព្រះរាជណាចក្រកម្ពុជា»។
ក្រោយបានឃើញលិខិតអញ្ជើញដូច្នេះ កញ្ញា Ah Na Rose ក៏បង្ហោះសារទទួលកំហុសទាំងយប់ថា៖ «សុំអធ្យាស្រ័យលោកជំទាវ ទ្រី ដាណា ពីចម្ងាយ ប្អូនស្រីពិតជាមានកំហុស ដែលខមិនលើរូបថតបងស្រីដោយអចេតនាដែលធ្វើឱ្យប៉ះពាល់អារម្មណ៍បងស្រីជាទីសាធារណៈ ប្អូនស្រីពិតជាសុំទោសខ្លាំងណាស់ ចំពោះកំហុសដែលកើតមានដោយអចេតនា សូមបងស្រីអភ័យទោសដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច » ។
យ៉ាងណាពាក់ព័ន្ធករណីខាងលើ ក៏ដូចជាការចេញមុខសុំទោសជាសាធារណៈពីកញ្ញា Ah Na Rose បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែបើទោះជាយ៉ាង តារាសម្ដែងស្រីរូបនេះ ក៏មិនបានបញ្ជាក់ឡើយថា នឹងព្រមចូលខ្លួនទៅបំភ្លឺតាមការអញ្ជើញ ឬយ៉ាងណាទេ? ខណៈលេខទូរស័ព្ទរបស់នាងហៅចូលមិនមានអ្នកទទួល៕ ប្រភព ៖ តារាញូស៍