ពិតជារឿងមួយដែលតក់ស្លុត និងជាដំណឹងមួយដែលក្រៀមក្រំបំផុត ខណៈដែលក្នុង ថ្ងៃតែមួយ ពោលគឺថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ សិល្បករសិល្បការិនីចំនួន៣រូប បានជួបទុក្ខធំដំណាលគ្នា ។
ដោយក្នុងនោះរួមមាន៖ ពិធីការិនីល្បីឈ្មោះអ្នកនាង យុគ ចិន្តា, តារាចម្រៀងលោក គួម៉ា និងតារាសម្ដែងលោក ម៉ាដូណា ។
ពិធីការិនីអ្នកនាង យុគ ចិន្តា ត្រូវបានគេដឹងថា បានកំពុងតែជួបទុក្ខដ៏ក្រៀមក្រំមួយ ដោយអ្នកម្ដាយទីស្រលាញ់បានមរណភាពយ៉ាងឆាប់រហ័ស កាលពីយប់
ថ្ងៃ១២ ខែកក្កដា នេះ ហើយការបាត់អ្នកមានគុណដោយសារឧបទ្ទវហេតុដួលនៅក្នុងបន្ទប់ទឹកនោះ ធ្វើឱ្យអ្នកនាង យុគ្គ ចិន្ដា ស្ទើរតែមិនអាចទទួលយកបាន ព្រោះឆាប់រហ័សខ្លាំងពេករហូតមិនអាចជួយសង្គ្រោះឱ្យទាន់ពេលវេលា ។
ដោយឡែក តារាចម្រៀងលោក គួម៉ា ក៏មិនខុសគ្នាប៉ុន្មានឡើយ ពីពិធីការិនីអ្នកនាង យុគ ចិន្ដា ដោយព្រឹកមិញនេះ គួម៉ា បានប្ដូររូបភាពនៅគណនីហ្វេសប៊ុករបស់ខ្លួន ភ្ជាប់ដោយសំណេរថា ម្ដាយមីងបង្កើតរបស់ខ្លួន បានទទួលមរណភាព ។
ហើយបើតាមការបញ្ជាក់តាមទូរស័ព្ទ គួម៉ា ក៏បានឱ្យដឹងដែរថា ម្ដាយមីងរបស់ខ្លួន បានស្លាប់ដោយសារជំងឺប្រចាំកាយ និងកំពុងរៀបចំពិធីបុណ្យទៅតាមប្រពៃណី ទំនៀមទំលាប់ ។
ទន្ទឹមនឹងនោះដែរ តារាសម្ដែង និងកំប្លេង ដែលគដឹងថាស្រលាញ់ភេទដូចគ្នាលោក ម៉ាដូណា នៅថ្ងៃនេះ ក៏បានបង្ហោះសារកាន់ទុក្ខដ៏ក្រៀមក្រំនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ប៉ុន្តែលោកមិនបានបញ្ជាក់ថា លោកកាន់ទុក្ខចំពោះនរណាឡើយ ។
យ៉ាងណាជុំវិញដំណឹងមរណភាពនៃសាច់ញាតិ ក៏ដូចជាក្រុមគ្រួសាររបស់សិល្បករសិល្បការិនីទាំងរូបខាងលើនេះ បានធ្វើឱ្យកក្រើកពេញបណ្ដាញសង្គម ជាពិសេសបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សង្គមសិល្បៈ ហើយបានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខគ្រប់គ្នាផងដែរ ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖