លោកអ្នក បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ លោកជំទាវ ខុងលីស៊ីអាណា-ឌួងងៀប និងលោក ឌួង ឆាយ បានទៅសួរសុខទុក្ខលោកជំទាវ ហ៊ុន ស៊ីណាត ដល់គេហដ្ឋាន ក្រោយខកខានជួបគ្នាអស់រយៈពេលជាយូរនោះ។
លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះរូបថត អមដោយសារបញ្ជាក់ថា «ថ្ងៃនេះប្អូនស្រី ខុង លីស៊ីអាណា និងក្មួយប្រុស ឌួង ឆាយ មកលេង បែកគ្នាយូរហើយដោយសារកូវីដ-19 សូមអរគុណច្រើនប្អូនស្រី និងក្មួយប្រុស សូមជូនពរដល់ប្អូនស្រីនិងក្មួយឲ្យមានសុខភាពល្អ ជៀសផុតរឿងទាំងពួង»។
ដោយឡែកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ នៅពេល លោកជំទាវ ខុងលីស៊ីអាណា-ឌួងងៀប និងលោកឌួង ឆាយ ទៅជួប ចៅៗ កូនៗ ស្រាប់តែអ្នកនាង ដេត ម៉ាលីណា មិនបើកទ្វារឲ្យចូលនោះទេ ទើបលោកឌួងឆាយ២នាក់ម្តាយកូន បានស្នើសូមសមត្ថកិច្ចខណ្ឌ មកសហការ និងធ្វើជាសាក្សីផងដែរ។
នៅក្នុងនោះដែរ គេសង្កេតឃើញមានអ្នកសារព័ត៌មានមួយចំនួន បានចុះទៅទីតាំងមុខផ្ទះអ្នកនាង ដេត ម៉ាលីណា ដែលបិទទ្វាររបងជិត ហើយធ្វើការផ្សាយផ្ទាល់ ដោយសម្ភាសន៍លោក ខុងលីស៊ីអាណា-ឌួងងៀប ជុំវិញរឿង ដែលអតីតកូនប្រសាមិនឲ្យចូលជួបចៅៗនេះ បើទោះជាបានជូនដំណឹង១សប្ដាហ៍មុនហើយក៏ដោយនោះ។
ដោយឃើញបែបនេះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានចែករំលែកវីដេអូ ដែលគេឡាយ នោះចូលទៅទំព័រហ្វេសប៊ុករបស់លោកជំទាវ ហើយធ្វើការស្នើសុំយ៉ាងទទូចថា «ជាអតីតកូនប្រសាក្មួយអើយបើកចិត្តអោយទូលាយខ្លះផងទៅ ច្បាប់បានចេញអោយលោកយាយនិងលោកប៉ារបស់ក្មេងៗបានជួប គាត់មានការនឹករលឹកចៅៗផងទៅ ហើយការរៀនសូត្រក៏លោកជំទាវមិនរំខានដល់ការរៀនសូត្រចៅរបស់គាត់ដែរ»។
ជាការឆ្លើយតបចំពោះទឹកចិត្តលោក ជំទាវ ហ៊ុន ស៊ីណាត, លោក ឌួង ឆាយ បានចូលទៅខំមិនថា «ខ្ញុំបាទសូមគោរពអរគុណលោកជំទាវហ៊ុនស៊ីណាត ដែលតែងតែស្រលាញ់រាប់អានជាពិសេសអាណិតអ្នកម្តាយ និងខ្ញុំបាទ។ សូមជូនពរលោកជំទាវមានសុខភាពល្អ អាយុយឺនយូរ ឌួង ឆាយ»៕ សូមទស្សនា វីដេអូ ខាងក្រោម ៖