គេនៅចាំបានថា កាលពីប៉ុន្មានខែមុននោះ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានប្រកាសលាឈប់ពីសិល្បៈ តែក្រោយមក បានបញ្ជាក់ថា គ្រាន់តែឈប់ពីCTNប៉ុណ្ណោះ។ ចំណែកការងារសិល្បៈ អ្នកនាង គ្មានថ្ងៃបោះបង់នោះឡើយ ហើយបើCTNនៅតែហៅនាងថត នាងនៅតែថតដដែល។
ចំពោះការលាឈប់នាពេលនោះ ខ្ញុង បញ្ជាក់ពីមូលហេតុថា ដោយសារ ជាប់ភារកិច្ចមើលថែរក្សាកូន ព្រោះកូនកើតអត់គ្រប់គីឡូ, អត់គ្រប់ខែ ត្រូវការមើលការខុសត្រូវដិតដល់ពីសំណាក់នាងផ្ទាល់ ហើយចូលដល់សម័យកូវីដទៀត អ្នកនាង មិនអាចយកអ្នកក្រៅមកមើលកូនបានទេ។
អ្នកនាង បញ្ជាក់ទៀតថា អ៊ីចឹងការដែលបើកប្រាក់ខែពី CTN អ្នកនាង រអៀសខ្លួនណាស់ ទាំងដែលធ្វើការអត់បានដិតដល់ ទើបសុំពុក វ៉ិចទ័រ បញ្ឈប់កុងត្រាពី CTN តែបើហៅទៅថតគ្រប់កម្មវិធី របស់ CTN អ្នកនាងនៅតែទៅ នៅតែមានវត្តមានទៅ បើនៅតែទទួលនាងថត។
ងាកមកលោកតាវ៉ិចទ័រវិញ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក បានបញ្ជាក់ជុំវិញការសម្រេចចិត្តនាពេលនោះថា ដោយមើលឃើញពីអនុស្សាវរីយ៍ និងទេពកោសល្យការងាររបស់អ្នកនាងខ្ញុង, នៅពេលនោះ លោកក៏បាននិយាយសម្របសម្រួលឲ្យ ខ្ញុង បន្តការងារជាធម្មតាវិញ។ តែក្រោយកើតរឿងរ៉ាវប៉ុន្មានថ្ងៃនេះ មិនទាន់ដឹងថា តើអ្នកនាងខ្ញុង ត្រូវនៅបន្ត ឬយ៉ាងណានៅឡើយទេ។
ដោយឡែក អ្នកនាងខ្ញុង ខ្លួនឯង នៅពេលមានអ្នកគាំទ្រសួរជុំវិញរឿងនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នោះ អ្នកនាង បញ្ជាក់ថា ខ្លួនប្រហែលជាឈប់ពីសិល្បៈមែនទែនហើយ ដោយសារតែអត់ចង់ឲ្យខូចដល់អ្នកសិល្បៈផ្សេងទៀត៕ ដើម្បីកាន់តែជ្រាបច្បាស់នោះ សូមស្ដាប់ការបញ្ជាក់របស់អ្នកនាងខ្ញុង តាមរយៈវីដេអូ ខាងក្រោមនេះ ៖