លោកអ្នក បានជ្រាបរួចមកហើយថា អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង តាំងពីប្រកាសរឿងក្ស័យធន , ជំពាក់បំណុលគេ សរុបជាង៥៧ម៉ឺនដុល្លារ និងសុំជំនួយអ្នកគាំទ្ររួចមកឃើញថា ការសម្រេចចិត្តរបស់អ្នកនាង ប្រែប្រួលយ៉ាងឆាប់រហ័ស។
ជាក់ស្ដែង នៅក្នុងការឡាយបកស្រាយ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អ្នកនាង បានបង្ហាញពីទឹកលុយរបស់ខ្លួន ដែលទទួលបានពីសប្បុរសជនចំនួន៥៦,៥៤២.៣៧ម៉ឺនដុល្លារ ហើយថា នឹងបរិច្ចាគចំនួនពាក់កណ្ដាលជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
លុះនៅយប់ថ្ងៃដដែល អ្នកនាងបានបង្ហោះសារធ្វើការសម្រេចជាថ្មី ដោយនឹងវេរលុយត្រឡប់ទៅម្ចាស់ដើមវិញទាំងអស់ តែសូមឲ្យផ្ញើវិក្កយបត្រ ចូលទំព័រហ្វេសប៊ុករបស់អ្នកនាង ដើម្បីមើលចំនួនបញ្ជូនត្រឡប់ទៅវិញ។
ងាកមក អ្នកនាង ធី សុវណ្ណថា ក្រោយពីឃើញអ្នកនាងខ្ញុង កំពុងលិចលង់បែបនេះ ក៏បង្ហោះសារនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ដោយផ្ដល់យោបល់ចំនួន៤ចំណុច ហើយយល់ឃើញថា អ្នកនាងខ្ញុង នឹងអាចដោះស្រាយបញ្ហានោះបាន។
ធី សុវណ្ណថា បានបង្ហោះសារសម្ដែងក្ដីអាណិត និងផ្ដល់យោបល់ដូច្នេះថា «សារផ្ញើជូន បងខ្ញុង ខ្ញុំពិតជាអាណិតបងណាស់ បងកំពុងលង់ទឹក លង់បំណុល លង់គំនិត ខ្ញុំជូនយោបល់ ៤ ចំនុច
១ កុំទាន់សម្រេច អ្វីទាំងអស់ ២ សូមបង បិទទូរស័ព្ទ សម្រាក២,៣ថ្ងៃ ៣ ជួបអ្នកជំនាញហិរញ្ញវត្ថុ និងមេធាវី រៀបផែនការ សងបំណុល….។ ៤ ឆ្លើយតប ក្នុងបណ្តាញសង្គមប្រុងប្រយ័ត្ន
បើគាត់មានការខុសឆ្គង សូមពូមីង បងប្អូន កុំប្រកាន់គាត់ កុំជាន់គាត់ ព្រោះគាត់កំពុងលង់ទឹក ខ្ញុំយល់ថា រឿងបងខ្ញុង អាចដោះស្រាយបាន ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្របង ស៊ូៗ…ដើម្បីគ្រួសារ និងកូនតូចៗ របស់បងដោយក្តីរាប់អាន ពីនាងខ្ញុំ ធី សុវណ្ណថា»៕