កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ លោក សៀវ សុផល ដែលជាគូជោគជ័យម្នាក់ បានចេញមុខ ឡាយវីដេអូ ដោយធ្វើការអះអាងថា ខ្លួនជាមេគំនិតក្នុងការជួយជ្រោមជ្រែងអ្នកនាងខ្ញុងឲ្យរួចផុតពីបំណុលត្រឹមរយៈពេល១យប់។
ទោះយ៉ាងណាការអះអាងបែបនេះ បានធ្វើឲ្យមហាជន មានការប្រតិកម្មយ៉ាងខ្លាំង ដោយគិតថា ជាការបោ,កប្រាស់ទឹកចិត្តមហាជន។ ចំណែកអ្នកនាងខ្ញុង ក៏បានប្រតិកម្មផងដែរ រហូតដាច់ចិត្តធ្វើការឡាយបកស្រាយ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដើម្បីជម្រះមន្ទិលមហាជន កុំឲ្យមានការយល់ច្រឡំលើរូបនាងនោះ។
ងាកមកលោកគ្រូ សៀវ សុផល ដែលជាមេគំនិតនេះវិញ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានបង្ហោះសារបង្ហាញពីអារម្មណ៍រំភើបចិត្តថា «ខ្ញុំរំភើបដែលបានឃើញបងប្អូនចេះជួយគ្នា តាមរយៈទឹកចិត្តអ្នកគាំទ្រ និងខ្មែរតែ១ ហើយក៍សប្បាយចិត្តដែលខ្មែរចេះជួយគ្នា ដោយសារគាត់មិនបានគេចវេសពីបំណុលទេ ហើយមិនមែនលើកទី១ទេ ដែលខ្ញុំជួយកូនសិស្ស អ្នកមានផលវិបាក និងមន្ទីរពេទ្យគន្ធបុប្ផា»។
ទោះយ៉ាងណា លោកគ្រូ ជោគជ័យរូបនេះ បានបញ្ជាក់ថា «ប្រសិនបើការជួយនេះ ធ្វើឲ្យមហាជនមានប្រតិកម្ម និងធ្វើឲ្យខ្ញុង គិតថា ប៉ះពាល់ដល់កិត្តិយស ខ្ញុំសូមទោសជាសាធារណ: ចំពោះការបំផុស ១ដុល្លារនេះ ។ ក្រោយមកខ្ញុំបានឃើញមានការជួយលុយដល់គន្ធបុប្ផាយ៉ាងផុល ពីតារា ពាក់មី អាគ្រឿន បុរីKP ស្រីអូនឃូស៊ី ….ហើយមានច្រើនទៀតផង ជាការល្អបំផុតក្នុងពេលនេះ»៕