ប្រិយមិត្តជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ អ្នកនាងខ្ញុង បានឡាយវីដេអូ ប្រកាសជាសាធារណៈថា ខ្លួនជំពាក់បំណុលគេសរុបរហូតដល់ទៅជាង៥៧ម៉ឺនដុល្លារ និងអំពាវនាវសុំជំនួយពីអ្នកគាំទ្ររបស់ខ្លួនម្នាក់១ដុល្លារ ដើម្បីធ្វើការដោះបំណុលដ៏ច្រើននេះ។
ពេលប្រកាសភ្លាមៗនោះ មានអ្នកគាំទ្រជាច្រើន អាណិតនាង ក៏បានចូលរួមជួយជាបន្តបន្ទាប់តាមលទ្ធភាព ខណៈមនុស្សមួយចំនួន ដែលមិនបានជួយនាងនោះ បែរជានាំគ្នា បង្ហោះសារ ឌឺដង ផ្លែផ្កា រហូតដល់អ្នកខ្លះបង្វែរទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើម។
ទោះយ៉ាងណា គេសង្កេតឃើញថា ពេលនោះ អ្នកគាំទ្រ ដែលជួយនាងហើយនោះ នៅតែគោរពស្រឡាញ់នាង ដដែល។ ប៉ុន្តែក្រោយពេលលោកគ្រូ ជោគជ័យម្នាក់ ចេញមុខទម្លាយរឿងខ្លួនជាមេគំនិតក្នុងការឲ្យខ្ញុងប្រកាសក្ស័យធុន និងសុំជំនួយពីអ្នកគាំទ្រនោះ ទើបធ្វើឲ្យទាំងអ្នកគាំទ្ររបស់នាងភាគច្រើន និងអ្នកដែលស្អប់នាងស្រាប់នោះ នាំគ្នាចេញមុខមកវាយប្រ,ហារនាងឥតឈប់ បង្វែរពីការអាណិតស្រឡាញ់មកជាការស្អ,ប់ទៅវិញ។
ប្រការ ដែលនាំគ្នាស្អប់នាងនេះ ដោយពួកគេគិតថា នេះជាការបោកប្រាស់ទឹកចិត្ត រហូតដល់អ្នកនាងខ្ញុង មិនអាចរកនូវភាព យល់ច្រឡំ ប្រ,មាថ រិះ,គន់ជាន់ពន្លិចនេះបាន ក៏ដាច់ចិត្តឡាយវីដេអូ បកស្រាយទម្លាយរឿងយ៉ាងលម្អិតដើម្បីឲ្យមហាជន បានដឹងពីទឹកចិត្តរបស់នាងពិតប្រាកដ ថាមិនមែនជារឿងបោក,ប្រាស់នោះឡើយ។
ជាក់ស្ដែងនៅក្នុងការឡាយបកស្រាយនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ អ្នកនាងខ្ញុង បញ្ជាក់ច្បាស់ៗថា នាងពិតជាបានជំពាក់លុយគេចំនួនដ៏ច្រើននេះពិតមែន ហើយថែមទាំងអំពាវនាវដល់ម្ចាស់បំណុលឲ្យមកជួបនាងទាំងអស់ផងដែរ ដោយយកអ្នកព័ត៌មានមកជាមួយផង ដើម្បីឲ្យមហាជនដឹងការពិតថា នាងជំពាក់គេមែន។
ទន្ទឹមនឹងនេះ អ្នកនាងខ្ញុង ក៏បានទម្លាយពីដំណើរដើមទងឈានទៅដល់ការសម្រេចចិត្តទៅជួបលោកគ្រូ សៀវ សុផល ដែលគេហៅថាជាគ្រូជោគជ័យ ដើម្បីផ្ដល់ជាគំនិតក្នុងការដោះបំណុលនេះផងដែរ។ អ្នកនាងថា គំនិតរបស់លោកគ្រូ ក៏ជាអ្វី ដែលអ្នកនាងចង់ធ្វើផងដែរ ទើបដាច់ចិត្តប្រកាសរឿងក្ស័យធននេះ។
ទោះយ៉ាងណា អ្នកនាង បានបញ្ជាក់ថា ថ្លៃសេវាក្នុងការជួបលោកគ្រូដើម្បីផ្ដល់ជាគំនិតនេះ ចំនួន១ម៉ឺនដុល្លារឯណោះ តែអ្នកនាង អត់លទ្ធភាពប្រមូលបានត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ ដើម្បីបានជួបលោកគ្រូ ហើយទីបំផុតលោកគ្រូ ក៏ព្រមជួបនាង។
ងាកមកលោកគ្រូវិញ កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក៏បានឡាយវីដេអូ បកស្រាយរួចហើយដែរ ជុំវិញរឿងនេះ ហើយនៅព្រឹកព្រលឹម ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានបង្ហោះសារ បញ្ជាក់ដូច្នេះ ថា «ការដែលខ្ញុំផ្តួចផ្តើមប្រកូកប្រកាសសុំ $1 មែនថ្មីទេ ខ្ញុំបានធ្វើវា យូរហើយ តែបងប្អូន មិនចាប់អារម្មណ៍ ខ្ញុំចាប់ផ្តើមផ្តួចផ្តើម សុំ$1 សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា»។
ចំពោះគំនិតរបស់លោកគ្រូនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនចូលរួមបញ្ចេញយោបល់ ក្នុងនោះមានការលើកឡើងថា «លោកគ្រូជួយមនុស្សដែលបម្រុងនឹងធ្លាក់ទឹកគឺជាការល្អប្រពៃណាស់ តែក្នុងករណីខ្ញុង លោករៀបចំផែនការអោយខ្ញុងដើរតាមសេនារីយោរបស់លោកគ្រូគឺមហាជនស្តាប់ទៅហាក់ដូចជាមានន័យបង្កប់នូវអំពើឆ,បោក ឬទុច្ចរិតណាមួយ ព្រោះមហាជនអាចនឹងយល់ថា ពាក្យរៀបចំផែនការ ឬសេនារីយោ គឺជាផែនការបោ,កណាមួយចឹងទៅ។
ហើយណាមួយទៀតលោកគ្រូហាក់ដូចជាត្រេកអរសប្បាយដោយឃើញគម្រោងនេះបានជោគជ័យបង្កប់នូវមោទនភាពរបស់លោកគ្រូ ដល់ចឹងទៅមហាជនជេរខ្ញុងពេញហ្វេសប៊ុក។ ប្រសិនបើលោកគ្រូមិនឡាយប្រាប់មហាជនទេ នោះនាងខ្ញុងគាត់នឹងទទួលបាននូវការអាណិតស្រឡាញ់ដូចធម្មតាឡើងវិញ»៕ ដើម្បីកាន់តែជ្រាបច្បាស់សូមស្ដាប់ការបកស្រាយរបស់លោកគ្រូ និងការបកស្រាយរបស់អ្នកនាងខ្ញុង ដូចខាងក្រោមនេះ ៖