លោកអ្នក បានជ្រាបរួចមកហើយថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មានសារព័ត៌មានមួយចំនួន បានដកស្រង់សម្ដីរបស់លោកគ្រូ ជោគជ័យម្នាក់ យកមកចុះផ្សាយព្រោងព្រាត ជុំវិញការទម្លាយរឿង ខ្លួនជាអ្នកផ្ដល់យោបល់ឲ្យអ្នកនាងខ្ញុង រើខ្លួនចាកចេញពីបំណុលនោះ។
នៅក្នុងការឡាយនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោកគ្រូ សៀវ សុផល បានបញ្ជាក់ដូច្នេះថា «ថ្ងៃនេះ អ្នកទាំងអស់គ្នាច្បាស់ជាបានឮព័ត៌មានខ្ញុង គាត់ជាប់បំណុលដល់ ៥៧២០០០។ បងប្អូនគ្រាន់តែអ្នកលក់ធម្មតាជំពាក់លុយច្រើន តែជំពាក់លុយច្រើន អត់បានយកលុយហ្នឹងមករកស៊ីទេ គឺដោយសារភាពភ័យខ្លាចៗ អញ្ចឹងភាពភ័យខ្លាច ធ្វើឲ្យយើងទន់ដៃទន់ជើង»។
លោកគ្រូ បានបន្តទៀតថា ខ្ញុង ភ័យ អត់ចេះពីរបៀបគ្រប់គ្រងភាពភ័យខ្លាច រហូតដល់នាងរកឃើញវ៉េបសាយរបស់លោក ហើយក៏មកជួបសិស្សរបស់លោក ហើយក៏ធ្វើការជាមួយគ្នាពេញមួយយប់ ដើម្បីរកឲ្យឃើញនូវបញ្ហារបស់គាត់ ព្រោះបំណុលភាគច្រើន មកពីការលាក់ប្ដី លាក់ប្រពន្ធ។ អញ្ចឹងអរគុណ ដែលគាត់បានចាកចេញពីបំណុលនៅក្នុងរយៈពេលតែមួយយប់។
ក្រោយពីមានការចុះផ្សាយព្រោងព្រាត ហើយឧកញ៉ា ហួត ជា លើកយកនិយាយដែរនោះ ស្រាប់តែលោកគ្រូ សៀវ សុផល បានធ្វើការឡាយវីដេអូមួយទៀត ធ្វើការបកស្រាយ នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ដោយដាក់Captionថា «សូមបកស្រាយរឿង ខ្ញុង ជារឿងពិត ដោយសារខ្ញុំរំភើបឃើញប្រជាជនខ្មែរចេះជួយគ្នា ទើបខ្ញុំlive Facebook ហើយឧកញ៉ា ហួត ជា សន្និដ្ឋានថា ជារឿងបោកប្រាស់។ ខ្ញុំសូមបកស្រាយ»។
នៅក្នុងវីដេអូឡាយនោះ លោកគ្រូ រៀបរាប់ដូច្នេះថា «ដោយសារមានព័ត៌មានបញ្ច្រាសគ្នា ស្ដីពីរឿងរបស់ខ្ញុង រឿងរបស់ខ្ញុងហ្នឹង, ឧកញ៉ា ហួត ជា គាត់ឡាយអំមិញហ្នឹងគាត់ថា ជារឿង ខ្ញុំរៀបចំបោកប្រាស់ តែបងប្អូនចូលទៅមើលនៅក្នុងផុសនៅក្នុងហ្វេសប៊ុកផ្ទាល់របស់ខ្ញុំ ខ្ញុងគាត់មានបញ្ហាមែន មនុស្សណាទៅយំអញ្ចឹង»។
លោកគ្រូ បន្តថា «បងប្អូនគិតមើល បើជំពាក់លុយគេ៥៧ ២០០០ ហើយអត់មានលុយសង ហើយបើជំពាក់លុយ អត់មានលុយសង អត់មានអីធម្មតា អត់អីទេ អត់មានលុយសងហើយស៊ីញេសុទ្ធតែសែកទៀត ហើយគាត់មកជួបកូនសិស្សខ្ញុំ, ជួបយូរហើយ ទើបតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យនេះ ជួប ហើយយើងក៏រកគន្លឹះជួយគាត់ ព្រោះអីគាត់ចង់លេ,បថ្នាំស,ម្លាប់ខ្លួន ចង់រត់ចោលស្រុក»។
លោកគ្រូ បន្តថា «តាមពិតខ្ញុំរំភើបតើៗ រំភើបថា អីយ៉ាខ្មែរយើងចេះជួយគ្នាតើ ហើយឲ្យគាត់ទៅសួរគេមើលនៅតុលាការមានច្បាប់ក្ស័យធុនអត់? ប្រកាសក្ស័យធុន ហើយដើម្បីសុំម្ចាស់បំណុលសងតែដើម ហើយទុកឱកាសឲ្យគាត់រកស៊ី។ ចឹងគាត់ក៏ទៅតុលាការ តាមខ្ញុំនេះមែន ហើយគាត់ក៏ឡាយអរគុណ ខ្ញុំឲ្យគាត់ឡាយអរគុណម្ចាស់បំណុល, ឡាយអរគុណសម្រស់ធម្មជាតិ ហើយអត់ឲ្យនិយាយពាក្យអ្វី ដែលអវិជ្ជមានទេ…»។
លោកគ្រូ បានបញ្ជាក់ទៀតថា «ហើយថ្ងៃនេះ ខ្ញុំអត់ទាន់បានជួបខ្ញុងផង តាំងពីចេញពីម្សិលមិញទៅតុលាការ ហើយឡាយមក ហើយបន្ទាប់មកទៅសម្រស់ធម្មជាតិមក អត់ផង ហើយនៅមុននេះបន្តិចឃើញតេមកថា ខូចកិត្តិយសណាស់…មានគេចោទគាត់ថា គាត់បោក»។ លោកគ្រូបន្តទៀតថា «អ្នកដែលថាយើងបោក គឺជាអ្នកដែលមិនឲ្យលុយ ហើយបើអ្នកឲ្យលុយគាត់ អ្នកដែលជួយគាត់…»។
ចំពោះរឿងរ៉ាវរបស់ខ្ញុងនេះដែរ លោកគ្រូ យល់ឃើញដូច្នេះថា «ចឹងខ្ញុំគិតថា រឿងរបស់ខ្ញុង អាចជារឿងមួយ ជួយដល់ប្រជាជនកម្ពុជាទូទាំងប្រទេស រឿងចងការ រៀងចងការ ការប្រាក់ថ្លៃ ហើយរឿងៗខ្ចីលុយចិន…ចឹងខ្ញុំគិតថា ថ្នាក់ដឹកនាំគាត់ចេះមើលហើយ ថ្នាក់ដឹកនាំគាត់ចេះដោះស្រាយ ហើយនិងមើលថាតើទប់ស្កាត់ម៉េច កុំឲ្យប្រជាជនជួបរឿងការលំបាក»។
លោកគ្រូ បន្តថា «ចឹងខ្ញុំសង្ឃឹមថា រឿងខ្ញុង គឺជាការផ្លាស់ប្ដូរមួយ ទៅបង្កើតអីមួយ ដែលអាចមានប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល តែប្រយោជន៍យ៉ាងម៉េចអត់ដឹងទេ ចាំបងប្អូនចាំតាមដានថាតើមានគន្លឹះអី ដែលថ្នាក់ដឹកនាំមើលឃើញ ខ្ញុំគិតថា នឹងមានអីមួយ ដែលថ្មី ព្រឹត្តិការណ៍នេះៗ គឺព្រឹត្តិការណ៍អាចជួយឲ្យប្រជាជន ដែលមិនទាន់ជួបបញ្ហា ដូចក្មេងជំនាន់ក្រោយ អាចចៀសវាងនូវរណ្ដៅ អន្លង់នេះ…»៕ សូមទស្សនាវីដេអូ លម្អិតខាងក្រោម ៖