វាជាមេរៀនជីវិតមួយសម្រាប់មហាជនទូទៅ និងបណ្ដាអ្នកជំនួញមួយចំនួន ដែលចង់ហក់លោតចង់បានប្រាក់ចំណេញ ដោយមិនមានមូលដ្ឋានច្បាស់លាស់ ដែលអាចធ្វើឱ្យមានហានិភ័យផ្សេងៗកើតឡើង និងនាំឱ្យខាតបង់នូវទ្រព្យសម្បត្តិ ហើយហ៊ុំព័ទ្ធដោយបំណុល ។ ជាក់ស្ដែងតារាខ្មែរចំនួនពីររូបហើយ ដែលមានបទពិសោធន៍ផុងខ្លួនខាតបង់រាប់សែនដុល្លារ ដោយសារតែការបន្ដាក់ទុនរកស៊ី។
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម កាលពីកំឡុង ខែឧសភា ឆ្នាំ២០២០២ បានដាច់ចិត្តទម្លាយថា បានផុងខ្លួនអស់ប្រាក់ជិត៩០ម៉ឺនដុល្លារ ជាមួយនឹងក្រុមហ៊ុន «អ៊ីណារីតា»។ តារាពហុជំនាញរូបនេះអះអាងថា វាជាបទពិសោធន៍មួយក្នុងជីវិត គឺមនុស្សយើងមិនត្រូវលោភលន់ពេកនោះទេ ព្រោះដោយសារតែនាងចង់បានលុយការគេ ១ម៉ឺនដុល្លារបានការ២ពាន់ដុល្លារ ទើបនាងផុងខ្លួនបែបនេះ។
ប៉ុន្តែបើទោះជាយ៉ាងណា តារាស្រីល្បីទាំងសិល្បៈបុរាណ និងសម័យរូបនេះ នៅតែប្រកាន់ជំហរមុតមាំ និងមិនប្រកាសសុំជំនួយពីនរណាឡើយ ។ ខាត់ សុឃីម បានប្រើដំណោះស្រាយដ៏ល្អប្រសើរមួយ គឺខំប្រឹងងើបឈរដោយខ្លួនឯង ជាមួយកម្លាំងញើសឈាមរបស់នាង រហូតជីវភាពគ្រួសារមានពន្លឺឡើងវិញ និងអាចមានលទ្ធភាពទិញរថយន្ដទំនើបតម្លៃជាង២០ម៉ឺនដុល្លារ ។
សម្ដីដ៏មានន័យរបស់ ខាត់ សុឃីម នាងថាការដែលនាងចាញ់បោកគេ ហើយធ្លាក់ក្នុងបំណុលគេបែបនេះ គឺដោយសារតែនាងទុកចិត្តគេពេក, ចង់បានលុយការហ្នឹងពេក អីចឹងបទពិសោធន៍ភាពលោភលន់ ខ្ជិលធ្វើការគឺអត់កំណើត ។ នាងសង្កត់ធ្ងន់ថា ឆ្លងកាត់ជីវិតដ៍លំបាកមួយនេះធ្វើឲ្យនាងកាន់តែយល់ថាគ្មានទេវតាឯណាទម្លាក់ លុយពីលើមេឃឲ្យយើងនោះទេ បើយើងមិនខំប្រឹងប្រែងធ្វើការនិងរកវាដោយខ្លួនឯង។
ដោយឡែក ចំពោះតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅស្រីខ្ញុង ក៏មិនខុសពីអ្នកនាង ខាត់ សុឃីម នាងបានផុងខ្លួនជាមួយនឹងប្រាក់ចងការបង្វិលពីម្នាក់ឱ្យទៅម្នាក់ ព្រមទាំងលង់ខ្លួនជាមួយសម្ភារៈនិយមបង់រំលោះដូចជា ឡានទំនើប និងរបស់របរផ្សេងៗទៀត រហូតជាប់បំណុលគេជាង៥៧ម៉ឺនដុល្លារ និងត្រូវបង់ការប្រាក់រហូត៤ម៉ឺនដុល្លារក្នុង១ខែៗ។
ប៉ុន្តែអ្វីដែល ស្រីខ្ញុង ផ្ទុយស្រឡះពីអ្នកនាង ខាត់ សុឃីម នោះ គឺដំណោះស្រាយបញ្ហាដែលបានសាងឡើងដោយខ្លួនឯង ពោលគឺក្រោយពីអស់លទ្ធភាពក្នុងការបង្វិលលុយឱ្យម្ចាស់បំណុល មានទាំងជនជាតិចិន និងខ្មែរ ស្រីខ្ញុង ក៏បានសម្រេចិត្តធ្វើរឿងដ៏ភ្ញាក់ផ្អើលស្ទើរទូទាំងប្រទេស ដោយចេញទៅយំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំក្ដីករុណាពីមហាជន និងសប្បុរសជន ដើម្បីឱ្យជួយដល់រូបនាង ។
បើទោះជាយ៉ាងណា ស្រីខ្ញុង ក៏ត្រូវបានស្ញើចសរសើរថា មានទំនួលខុសខ្ពស់ ដ្បិតនាងមិនបានគេចវេសពីបញ្ហានេះ ប៉ុន្តែនាងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ។ ចំណុចនេះបានធ្វើឱ្យមហាជនជាច្រើនកើតក្ដីអាណិតអាសូរចំពោះរូបនាង និងបានជួយនាងតាមរយៈជំនួយ ABA ដើម្បីជាការតបស្នងដល់នាង ដែលធ្លាប់បានបង្កសំណើចដល់ទស្សនិកជនក្នុងពេលកន្លងមក ៕ ប្រភព ៖ តារាញូស៍