ក្រោយពីតារាកំប្លែង អ្នកនាងខ្ញុង ទម្លាយរឿងជំពាក់គេជាង៥៧ម៉ឺនដុល្លារ និងលើកដៃសុំជំនួយ តាមរយៈការឡាយ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នោះ, តារាសម្ដែង អ្នកនាង ឌុច លីដា ស្ថិតក្នុងចំណោមអ្នកសិល្បៈមួយចំនួនទៀត ដែលចូលរួមជួយអ្នកនាងខ្ញុង។
ជាក់ស្ដែង នៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីរសៀលថ្ងៃ១៨ ខែតុលា, តារាសម្ដែង ឌុច លីដា បានផ្ញើលុយជួយអ្នកនាងខ្ញុង២០ដុល្លារ ហើយលើកឡើងថា «ជួយបានក៏ជួយ ជួយមិនបានសូមកុំបន្ទោស ទោះមិនដឹងមូលហេតុច្បាស់ ការពិតយ៉ាងណា តែគាត់សុំអោយជួយយើងត្រូវយល់ពីទុក្ខលំបាកមនុស្សពេលនេះ សំខាន់កូនៗគាត់នៅតូច ខ្ញុំយកចំណែកកូនរបស់ខ្ញុំ Ketyamnei Leng កិត្យាមណី (London ) ជួយគាត់បានតិចតួច Lida Duch – Actress/Model សូមបងស្រីឆាប់ឆ្លង់ផុតបញ្ហានេះ Srey Knhong»។
ដោយឡែក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ គណនីហ្វេសប៊ុកមួយឈ្មោះ «Chhim Chantharith» បានបង្ហោះសារ អមដោយរូបថត ធ្វើការប្រៀបធៀបគ្នារវាង អ្នកសិល្បៈ២រូប គឺអ្នកនាង ខាត់ សុឃីម និងអ្នកនាង ខ្ញុង ដោយលើកឡើងថា «ភាពខុសគ្នារវាងអ្នកទាំងពីរគំនិតពិចារណាតាមការគួរ នាងខ្ញុង 572000ដុល្លារ អាចជួយគាត់តាម ABA ត្រឹម1$. នាងខាត់ សុខឃឹម 750000ដុល្លារ ដូចជាមិនហាមាត់សុំជួយ»។
នៅពេលឃើញ ការប្រៀបធៀបបែបនេះ តារាសម្ដែង ឌុច លីដា ក៏បានចែករំលែកចូលគណនីហ្វេសប៊ុករបស់ខ្លួន ហើយធ្វើការសរុបសេចក្ដីថា «បើសរសេរ វាវែងពេក តែសុំកាត់ខ្លី 75 អ្នកខ្លាំងពូកែ មានភាពតស៊ូត និងឆ្លាតវៃទុកធ្វើជា មនុស្សគំរូល្អ 57 អ្នកដែលទាល់ដោះស្រាយមិនចេញ ទុកជាមេរៀនខ្លះទៅ វាសនាមនុស្សមិនដូចគ្នាទេ»។
គួរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២០ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានចាញ់បោកគេអស់លុយ ៧៩ម៉ឺនដុល្លារអាមេរិក តាមរយៈការដាក់ប្រាក់ជាមួយក្រុមហ៊ុន មួយ។ ទោះយ៉ាងណា អ្នកនាង មិនបានសុំជំនួយពីអ្នកណាម្នាក់ឡើយ មានតែការចែករំលែកបទពិសោធន៍របស់ខ្លួនឲ្យមហាជនបានដឹង ចៀសវាងមានបញ្ហាដូចខ្លួន។
ក្រោយចាញ់បោកគេរួចមក អ្នកនាង ខាត់ សុឃីម បានខិតខំរកស៊ី ដើម្បីដោះបំណុលផ្ដើមជីវិតជាថ្មី ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ទើបតែបំពេញសេចក្ដីសុខខ្លួនឯង តាមរយៈការទិញរថយន្តថ្មីសន្លាង ម៉ាក Lexus 570 ស៊េរីឆ្នាំ២០២១ តម្លៃជាង២០ម៉ឺនដុល្លារឯណោះ។ ចំណែកនៅថ្ងៃទី១៩ ខែតុលា នេះ អ្នកនាង បានប្ដូរប្រូហ្វាល់ផេកថ្មី ហើយដាក់Captionយ៉ាងចាក់ដោតថា «គ្រប់ ការមើលងាយ មិនមែនសុទ្ធតែ អាក្រក់ទេ អរគុណ អ្នកមើលងាយ ទើបធ្វើអោយខ្ញុំ រឹងមាំ អរគុណបេះដូង»៕