ករណីអ្នកនាងខ្ញុង ឡាយវីដេអូ ទម្លាយរឿងជំពាក់លុយគេជិត៦០ម៉ឺនដុល្លារ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានក្លាយជាប្រធានបទដ៏រសើបសម្រាប់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកធ្វើការជជែកវែកញែក ដោយមានទាំងអ្នករិះគន់ និងអ្នកគាំទ្រ ផងដែរ។
ចំពោះមតិរិះគន់ ដែលមានការចែករំលែកតៗគ្នាច្រើនលើបណ្ដាញសង្គម ភ្ជាប់ជាមួយរូបថត អ្នកនាងខ្ញុង ពេលហ៊ឺហានោះ បានដាស់តឿនថា «·មើលឡានគេ570 និងផ្ទះគេផង ដេកសុទ្ធតែម៉ាស៊ីនត្រជាក់ មុននឹងអាណិតគេ អាណិតខ្លួនឯង តើហ៊ានក្បែរផ្ទះនិងឡានគេទេ? រកស៊ីខាតវណ្ឌ័ករ ជារឿងធម្មតា តែកុំហ៊ឺហា ខ្ចីលុយគេ ណាកូនៗក្មួយៗ គេតារាល្បីមានអ្នកជួយ គ្រាន់តែយំរំអួយបន្តិចគេអាណិតហើយ មិនសើចយំទេទុកជាមេរៀន ប្រដៅខ្លួនឯងនិងកូនចៅ»។
ទោះយ៉ាងណា ក៏មានអ្នកអាណិតអាសូរចំពោះអ្នកនាងខ្ញុង ហើយជួយជាថវិកា ជាហូរហែ រួមទាំងអ្នកសិល្បៈមួយចំនួនផងដែរ។ អ្នកសិល្បៈ ដែលបានជួយអ្នកនាងខ្ញុង ពេលជួបទុក្ខលំបាកនេះ មានដូចជា លោក ងួន ចាន់ដេវីត, អ្នកនាង ឌុច លីដា, អ្នកនាងពេជ្រ សូលីកា, កញ្ញា នី មុន្នីនាថ ជាដើម។
តារាចម្រៀង ងួន ចាន់ដេវីត បានជួយ១០០ដុល្លារ ជាមួយនឹងការលើកឡើងថា «មនុស្សគ្រប់គ្នាតែងតែបង្កើតកំហុសក្នុងជីវិតមិនថា យើងមិនថាគេ ប៉ុន្តែបន្ទាប់ពីការឆ្លងកាត់បទពិសោធន៍នៃកំហុសដ៏ធំធេងក្នុងជីវិតសង្ឃឹមថា វិថីដ៏ខ្លីនៃជីវិតដ៏មានអាយុនេះ គ្រប់យ៉ាងអាចនឹងប្រសើរឡើងវិញ។ ក្នុងនាមខ្ញុំជាប្អូនក្នុងឈ្មោះជាសិល្បៈ ខ្ញុំក៏សូមចូលរួមជួយទោះតិចក្តី តែក៏ជាចំណែកនៃការជួយដូច្នោះខ្ញុំសង្ឃឹមថាបងប្អូនបើកចិត្ត»។
តារាសម្ដែង ឌុច លីដា បានជួយ២០ដុល្លារ ហើយលើកឡើងដែរថា «ជួយបានក៏ជួយ ជួយមិនបានសូមកុំបន្ទោស ទោះមិនដឹងមូលហេតុច្បាស់ ការពិតយ៉ាងណា តែគាត់សុំអោយជួយយើងត្រូវយល់ពីទុក្ខលំបាកមនុស្សពេលនេះ សំខាន់កូនៗគាត់នៅតូច ខ្ញុំយកចំណែកកូនរបស់ខ្ញុំ Ketyamnei Leng កិត្យាមណី (London ) ជួយគាត់បានតិចតួច Lida Duch – Actress/Model សូមបងស្រីឆាប់ឆ្លង់ផុតបញ្ហានេះ Srey Knhong»។
តារាចម្រៀង ពេជ្រ សូលីកា ជួយ២០ដុល្លារ ហើយលើកឡើងថា «1$ ក៏អាចជួយដល់គាត់បានខ្លះដែរ មិនមានគោលបំណងអីនោះទេ តែបើទង្វើមួយនេះអាចជួយដល់អាយុជីវិតមនុស្សម្នាក់ កុំអោយឈានដល់ការគិតខ្លីបានយើងគួរតែធ្វើ»។ ចំណែកតារាសម្ដែង នី មុន្នីនាថ ជួយ១៥ដុល្លារ ហើយបួងសួងថា «យើងអាចជួយគ្នាបានតាមទឹកចិត្ត។ សូមឲ្យគាត់បានរួចផុតគ្រាលំបាកនេះឆាប់ៗSrey Knhong»៕