អ្នកស្រី ទ្រី ដាណា ត្រូវបានមហាជនដឹងទូទៅថា ជាថៅកែហាងពេជ្រចិត្តធម៌ ដែលកំពុងមានភាពជោគជ័យខ្លាំងលើមុខជំនួញជាច្រើន ហើយទន្ទឹមនឹងភាពជោគជ័យនេះដែរ អ្នកស្រី ក៏តែងតែធ្វើសកម្មភាពមនុស្សធម៌ ដោយចំណាយលុយអស់រាប់ពាន់ រាប់ម៉ឺន ស្ទើរជារៀងរាល់ថ្ងៃ។
ដោយឃើញអ្នកស្រី ចំណាយលុយជួយច្រើនពេក បែបនេះ ស្រាប់តែ អ្នកគាំទ្រម្នាក់ ដែលហៅខ្លួនឯងថា ជាអ្នកក្រនោះ បានចូលទៅបញ្ចេញមតិ ណែនាំដល់អ្នកស្រី ទ្រី ដាណា ដូច្នេះថា «ចែជួយគេប្រមាណខ្លួនផង! រាប់ពាន់ រាប់ម៉ឺនរាល់ថ្ងៃ ពេលធ្លាក់ខ្លួន គ្មានអ្នកណាគេស្គាល់ទេ! បំណងល្អពីអ្នកក្រម្នាក់!»។
ក្រោយពីមានការណែនាំបែបនេះ អ្នកស្រី ទ្រី ដាណា បានស្ក្រីនសតខំមិននេះ យកមកបង្ហោះ នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ហើយធ្វើការឆ្លើយតបបែបនេះថា «ខមិនចាក់ដោត លើកទីមួយហើយ ដែលនាងខ្ញុំយកមកផុស ខមិនបែបនេះពិតជាចាក់ដោតមែន សូមអរគុណបងប្រុសបងស្រីខ្លាំងណាស់ ដែលបានណែនាំ និងពន្យល់បែបនេះ ប៉ុន្តែសុំឆ្លើយតបទៅកាន់បងប្រុសបងស្រីវិញថា ចំពោះការជួយរាប់ម៉ឺនរាប់ពាន់ដុល្លាររាល់ថ្ងៃនេះ គឺជួយដោយចេញពីចិត្រ និងបេះដូង
ការ ដែលជួយចេញពីចិត្តមិនមាន ពេលមិនមានវេលា មិនមានរដូវការឡើយកន្លែងណាជួបទុក្ខលំបាក ពេលដែលឃើញពេលណា គឺជួយពេលនោះ បើសិនជាខ្ញុំធ្លាក់ខ្លួនក្រ ដោយសារការជួយអ្នកក្រ ឬមួយក៏ដោយសារការជួយមនុស្សទូទៅក៏ល្អមើលដែរ
ទេវតាប្រាកដជាមិនបើកភ្នែកមើលមនុស្ស ដែលកំពុងតែជួយសង្គ្រោះមនុស្សរាប់រយរាប់ពាន់រាប់ម៉ឺននាក់នោះទេ ខ្ញុំសង្ឃឹមថា អំពើល្អ ដែលចេញពីចិត្តពិតប្រាកដ អំពើល្អ ដែលធ្វើដោយគ្មានលក្ខខណ្ឌ អំពើល្អដែលធ្វើដោយមិនមានការហត់នឿយអំពើល្អ ដែលធ្វើចេញពីចិត្តពិតប្រាកដ គឺប្រាកដជាបានផលតបស្នងមកវិញនូវសេចក្តីសុខពិតៗ
ជាក់ស្ដែងការជួយ របស់ខ្ញុំរាល់ថ្ងៃនេះ គឺខ្ញុំមានគោលដៅពីគោលដៅទីមួយ គឺខ្ញុំចង់ចែករំលែកទ្រព្យសម្បត្តិរបស់ខ្ញុំ ដែលខិតខំគ្មានថ្ងៃសម្រាកមួយចំនួនទៅកាន់បងប្អូន លោកតាលោកយាយ ដែលគាត់កំពុងតែមានជីវភាពខ្វះខាតជួបទុក្ខលំបាកដែលមិនមានអ្នកទីពឹង អោយបានកុសលផលបុណ្យទុកជាតិក្រោយៗ
ចំណុចទី 2 គឺខ្ញុំចង់ចែករំលែកនូវសេចក្តីល្អឱ្យបងប្អូនមហាជន និងសាធារណជនទាំងអស់នាំគ្នាសាងល្អអោយបានច្រើន បើធ្លាក់ខ្លួនក្រ ដោយសារការជួយសង្គ្រោះអ៊ំពូមីង បងប្អូនលោកតាលោកយាយមួយចំនួនក៏ល្អមើលដែរណាបងប្រុសបងស្រី សូមអរគុណបំណងល្អ»៕