ភ្នំពេញ ៖ ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្ងាត់ៗតារាកំប្លែង CTN ដែលសម្បូរវោរហាស័ព្ទ និងទេពកោសល្យសម្តែងដៃគូនាយ ពាក់មី ប្រកាសលាឈប់ពីវិថីសិល្បៈទាំងទឹកភ្នែក និងអាថ៌កំបាំង បើទោះបីជាខំសាបព្រោះ និងដើរលើវិស័យមួយនេះអស់រយៈពេលជាច្រើនឆ្នាំហើយក្ដី។
តាមរយៈវីដេអូឡាយដែលភ្ជាប់ដោយចំណងជើង «បើឈប់ពីសិល្បៈនៅស្រលាញ់ខ្ញុំទេ» អ្នកនាង ខ្ញុង បានរៀបរាប់ថា «មកម្តងនេះ មិនមែនឡាយលក់របស់របរដូចមុនទេ ។ ខ្ញុំមកចង់ប្រាប់ពុកម៉ែបងប្អូនថា វិថីសិល្បៈទំនងលាឈប់តែម្តងហើយ សូមបងប្អូនអ្នកគាំទ្រ ទុកខ្ញុំជាមនុស្សធម្មតាៗទៅបានហើយ» ។
លើសពីនេះតារាកូន២ ដែលមានវ័យ៣៧ឆ្នាំរូបនេះ បានបន្តទៀតដោយសង្កត់ពាក្យធ្ងន់ថា «ការឈប់នេះ មានហេតុ និងផលរបស់វា ហើយនាងដឹងច្បាស់ពីការសម្រេចចិត្តមួយនេះ ។ មនុស្សយើងមាន២ដែលគេចងចាំ ពេលអស់ជីវិត គឺអាណិត និងស្អប់ ខ្លះស្លាប់ទៅគេអាណិត ខ្លះគេស្អប់ ។ ៦ឆ្នាំជិត៧ឆ្នាំ ខ្ញុំហែលឆ្លងច្រើនណាស់តាំងពីជាប់កំប្លែង ធ្វើម៉េចនេះជាការសម្រេចចិត្ត នាងសុំនៅធម្មតាៗ គឺស្រួលចិត្តជាង» ។
ទន្ទឹមនឹងការប្រកាសលាពីអាជីពរបស់អ្នកនាង ខ្ញុង បើទោះជាមិនមែនពេលនេះក្ដី ប៉ុន្តែបានធ្វើឱ្យទស្សនិកជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការសោកស្ដាយយ៉ាងខ្លាំង ដ្បិតនាងបានបង្កើតភាពសប្បាយរីករាយជូនអ្នកទស្សនាជាច្រើនឆ្នាំមកហើយ ទាំងនៅលើកញ្ចក់ទូរទស្សន៍ និងតាមបណ្ដាញសង្គម ។ ដោយមតិទាំងនោះបានលើកឡើងថា «បើសិនបងឈប់ តើបានអ្នកណាលេងកំប្លែងឱ្យបងប្អូនទស្សនិកជនសើចបន្តទៀត, បើបងឈប់ កំប្លែងលែងល្អមើល» ជាដើម ៕ ប្រភព ៖ តារាញូស៍