គេនៅចាំបានថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង យុគ ចិន្ដា បានជួបទុក្ខជាទម្ងន់ ដោយម្ដាយជាទីស្រឡាញ់ស្មើជីវិត ទទួលមរណភាពត្រឹមមួយប៉ប្រិចភ្នែក។
ក្រោយពីម្ដាយទទួលមរណភាពភ្លាមៗនោះ អ្នកនាងយំសោកបោកខ្លួនជាខ្លាំង ដោយមិននឹកស្មានថា អ្នកមានគុណទៅលឿនបែបនេះសោះ។ នៅពេលនោះ អ្នកនាង យុគ ចិន្ដា បានរៀបចំពិធីបុណ្យសពម្ដាយរបស់ខ្លួននៅវត្តគល់ទទឹង ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកបុណ្យ១០០ថ្ងៃរបស់ម្ដាយ អ្នកនាង យុគ ចិន្តា កាលពីថ្ងៃទី១៦ ខែតុលា ក៏បានរៀបចំនៅវគ្គគល់ទទឹង ដដែលនេះផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតក្នុងថ្ងៃបុណ្យ១០០ថ្ងៃរបស់អ្នកម្ដាយ, យុគ ចិន្តា បានបង្ហាញអារម្មណ៍នឹករំលឹក អមដោយការបួងសួងថា «១០០ថ្ងៃកន្លងផុតទៅយ៉ាងអាល័យ ដែលអ្នកម្ដាយថ្លៃឃ្លាតឆ្ងាយពីកូនៗ អ្នកម្តាយចែកឋានទៅហើយ ចិត្តកូនឥតស្បើយនឹកដល់ម្តាយថ្លៃ សូមគុណបុណ្យនិស្ស័យបានជួបម្តាយជាថ្មីនៅជាតិៗមុខ សូមឧទ្ទិសកុសលផលបុណ្យ១០០ថ្ងៃ ដល់ដួងវិញ្ញាណក្ខន្ធ អ្នកម្តាយ ខឹម ផល្លី សូមដួងវិញ្ញាណអ្នកម្តាយបានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ
សូមជូនបុណ្យយដល់ញាតិមិត្តជិតឆ្ងាយ ដែលបានចូលរួមពិធីបុណ្យខួប១០០ថ្ងៃអ្នកម្តាយនាងខ្ញុំសូមជួបតែសេចក្តីសុខសប្បាយរហូតទៅ ថ្ងៃ១៦ ខែតុលា ឆ្នាំ២០២១ វត្ត និគ្រោធវ័ន ហៅវត្តគល់ទទឹង»។
គួរបញ្ជាក់ថា កាលអ្នកម្ដាយទទួលមរណភាពនោះ យុគ ចិន្តា បានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែកថា «អ្នកម្តាយរបស់កូនអើយ កូនអស់ម្តាយហៅហើយ ម្តាយទៅឆ្ងាយពីកូនហើយ កូនរស់ដោយគ្មានម៉ែពីពេលនេះតទៅ…..ម៉ែអើយ….ហេតុអីក៏ម្តាយចាកចោលកូនលឿនម្ល៉េះ…….
អ្នកម្តាយដ៏សែនមានគុណ កូនពិតជាទទួលយកមិនទាន់បានទេ អ្នកម្តាយអត់មានឈឺអីសោះ ឈុតថ្មីដែលម៉ែអោយកូនកាត់ទុកស្លៀកធ្វើបុណ្យរួមគ្នា ម៉ែនៅឯណា ម៉េចទុកកូនចោលបែបនេះ ម៉ែអើយម៉ែ កូនស្តាយណាស់ម៉ែ….ម៉ែសាងបុណ្យច្រើនណាស់ម៉េចក៏ម៉ែអាយុខ្លីយ៉ាងនេះសូមដួងវិញ្ញាណក្ខន្ធម៉ែបានសោយសុគតិភពណាម៉ែ ជាតិណា ណា កូនប្រាថ្នាជាកូនម៉ែទៀត សូមម៉ែទៅអោយបានសុខណាម៉ែណា»៕