ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកនិយមតាមដានរឿងភាគខ្មែរ ច្បាស់ជាស្គាល់ហើយនូវតួអង្គយាយខី ក្នុងរឿង ផ្កាព្កុលមាស ដែលសម្តែងដោយតារាស្រីដ៏មានប្រជាប្រិយភាពអ្នកស្រី សច័ន្ទ ដានី។
យ៉ាងណាមិញ ក្រោយពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រកន្លងមក អ្នកស្រី សច័ន្ទ ដានី ដែលអ្នកគាំទ្រតែងតែហៅថា យាយខី បានបន្ថែមអាជីពថ្មីមួយទៀតហើយ ដោយរូបគាត់បានឈានជើងប្រឡូកធ្វើជាតារាចម្រៀង ដោយចេញបទថ្មីមានចំណងជើងថា “កុំត្រាប់តាមម៉ែ” ច្រៀងរួមជាមួយតារាចម្រៀងរលកថ្មី កញ្ញា ទូច ស្រីលីន សម្រាប់ផលិតកម្ម K&R Entertainment។
គួរបញ្ជាក់ផងដែរ សម្រាប់បទចម្រៀងថ្មី Original Song នេះ ពិតជាគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងកាយវិកាបែបកំប្លុកកំប្លែង អមជាមួយចង្វាក់ភ្លេងបែបប្រពៃណី និងអត្ថន័យយ៉ាងពីរោះ។ ហើយជាពិសេសនោះ អ្នកស្រី សច័ន្ទ ដានី បានបង្ហាញនូវសមត្ថភាពថ្មី ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកស្រីបានច្រៀងរ៉េប ដែលស្តាប់ទៅពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន។
ឯចំណែកតារាស្រីរលកថ្មី កញ្ញា ទូច ស្រីលីន វិញ រូបនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ តែបើនិយាយពីសមត្ថភាពដុងសិល្បៈក៏មិនធម្មតានោះដែរ ព្រោះថាបើទោះជានាងមានវ័យក្មេង និងទើបតែប្រឡូកក្នុងវិស័យចម្រៀងក៏ពិតមែន ក៏ប៉ុន្តែសម្រាប់សម្លេង និងការសម្តែងក៏មិនចាញ់តារាស្រករក្រោយប៉ុន្មាននោះដែរ។
បន្ថែមពីនេះ គួបផ្សំជាមួយបទចម្រៀងដ៏គួរឲ្យជក់ចិត្តនេះ បទចម្រៀង “កុំត្រាប់តាមម៉ែ” មានការដឹកនាំសម្តែងដោយលោក កាលីតូ និងនិពន្ធទំនុកច្រៀងដោយលោក សារ៉ាវ៉ាឌី។
ទោះជាយ៉ាងណាក្តី ក្រោយពីឃើញសមត្ថភាពថ្មីរបស់អ្នកស្រី សច័ន្ទ ដានី រួចមក អ្នកគាំទ្រជាច្រើនបានបញ្ចេញអារម្មណ៍រំភើបភ្ញាក់ផ្អើល នូវស្នាដៃថ្មីរបស់អ្នកស្រី ក៏ដូចជាតារាចម្រៀងចំណូលថ្មី ហើយអ្នកគាំទ្រក៏កំពុងរង់ចាំយ៉ាងអន្ទះសារស្តាប់នូវបទចម្រៀងថ្មីៗរបស់តារាស្រីទាំងពីរដួងនេះ ដែលនឹងចេញក្នុងពេលឆាប់ៗ នៅក្នុងផលិតកម្ម K&R Entertainment នាពេលខាងមុខនេះ៕ប្រភពពីkhmerload
ចង់ដឹងថាបទ កុំត្រាប់តាមម៉ែ ពីរោះប្លែកយ៉ាងណាតោះទៅទស្សនា MV ខាងក្រោមទាំងអស់គ្នា៖