អ្នកលេង បណ្ដាញសង្គមទីកតុកច្បាស់ជាស្គាល់រួចមកហើយនូវយុវជនខ្មែរម្នាក់ មានឈ្មោះកែវ ដោយសារតែរូបគេមានភាពល្បីល្បាញខ្លាំងណាស់នៅលើបណ្ដាញសង្គមមួយនេះ មិនថាតែក្នុងប្រទេសកម្ពុជាទេ សូម្បីប្រជាជនថៃមួយចំនួនក៏ចូលចិត្តរូបគេផងដែរ។
កែវ ជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ហើយតែងតែធ្វើកាយវិការបានយ៉ាងល្អតាមរយៈបទចម្រៀងរបស់គេ រហូតធ្វើឲ្យកាន់ឈ្មោះកាន់តែល្បីល្បាញ ចំនួនអ្នកតាមដានកាន់តែកើនឡើងនៅលើបណ្ដាញសង្គមទីកតុក។
គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ គណនីទីកតុករបស់«កែវ» ឈ្មោះ«អាកែវ» មានអ្នកតាមដានសរុបចំនួន៣.១លានដង និងចុចពេញចិត្តសរុបរហូតដល់ទៅ៤៩.៣លានដង។ តាំងពីមានភាពល្បីល្បាញមកកែវ មានឱកាសច្រើនណាស់ក្នុងការថតសម្ដែងជាមួយតារាថៃ។
លើសពីនេះ កាលពីពេលថ្មីៗកន្លងទៅ រូបគេមិនត្រឹមតែបានថតសម្ដែងនោះទេ ថែមទាំងមានឱកាស ចេញបទចម្រៀងរួមគ្នាជាមួយតារាថៃប៉ុន្មានដួងផងដែរ ហើយអ្វីដែលកាន់តែពិសេសនោះ កែវបានច្រៀងជាភាសាខ្មែរក្នុងបទចម្រៀងនោះទៀតផង ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គម។
បទចម្រៀងនោះ មានចំណងជើងថា «จองบานเนียง» មានន័យជាភាសាខ្មែរ «ចង់បាននាង» ហើយនៅពីមុខចំណងជើងបទចម្រៀងនេះ ដែលគេចេញMVជាផ្លូវការ កាលពីថ្ងៃទី១៩ ខេមិថុនា ឆ្នាំ២០២១កន្លងទៅនេះ មានទាំងដាក់អក្សរជាភាសាអង់គ្លេសថា «Phnompenh Boy»។
ចំពោះបទចម្រៀងនេះ អ្នកគាំទ្រ ចូលទៅបញ្ចេញមតិព្រោងព្រាត ក្នុងនោះ ពួកគេ បានលើកឡើងថា «សំខាន់មានកូនខ្មែរទៀត PhnomPenh Boy , បងកែវច្រៀងពីរោះណាស់, កន្លែងបងកែវច្រៀងភាសាខ្មែរពិតជាពីរោះខ្លាំងណាស់ , ស៊ូៗប្រូ វាសនាមនុស្សមើលមិនឃើញទេ, ស៊ូៗកែវអ្នកបានចាកចេញពីរភាពលំបាកបណ្តើរៗហើយ»៕ សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ ៖