គេនៅចាំបានថា កាលពីរាត្រី ឆ្លងចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតជើងទី១ជាមួយក្រុមជម្រើសកោះហ្គាំក្នុងយុទ្ធនាការណ៍វគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅប្រទេសបារ៉ែន ហើយជាលទ្ធផល ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមជម្រើសកោះហ្គាំ ១ទៅនឹង០។
ដោយឡែក នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតជើងទី២ជាមួយក្រុមជម្រើសកោះហ្គាំ ទៀត ហើយជាលទ្ធផល ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមជម្រើសកោះហ្គាំ ២ទៅនឹង១។
នៅក្នុងការប្រកួតជើងទី២នេះ គេសង្កេតឃើញថា មិនមានវត្តមានកីឡាករសំខាន់ចូលរួមប្រកួតឡើយ ហើយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក៏ទទួលព័ត៌មានថា កីឡាករមួយចំនួនបានឆ្លង និងមួយចំនួនទៀត បានជាប់ពាក់ព័ន្ធដែលត្រូវដាក់ដោយឡែក។
យោងតាមការឡាយនៅលើទំព័រហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា កីឡាករដែលបាន តេស្តវិជ្ជមាននោះ មានចំនួន៦រូប រួមមាន កួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, ចាន់ វឌ្ឍនាកា, កែវ សុខសិលា និង អៀន ពិសី។
ក្រោយមកនៅរសៀលថ្ងៃដដែលនេះ ទំព័រហ្វេសប៊ុកខាងលើនេះ បានបង្ហោះរូបថតកីឡាទាំង៦រូបរបស់កម្ពុជា ដែលឆ្លងកូវីដនោះ អមដោយសារជូនពរថា «ការលះបង់របស់ក្រុមជម្រើសជាតិគឺដើម្បីកម្ពុជា!សូមជូនពរកីឡាករយើងឲ្យឆាប់ជាសះស្បើយពីជំងឺឆ្លងកូវីដ-១៩។
កីឡាករជម្រើសជាតិកម្ពុជាយើងទាំង៦នាក់ នឹងត្រូវបន្តស្នាក់នៅប្រទេសបារ៉ែន ដើម្បីព្យាបាលជំងឺកូវីដ-១៩ ឲ្យជាសះស្បើយ មុនធ្វើមាតុភូមិនិវត្តន៍។ “ទាំងអស់គ្នាដើម្បីកម្ពុជា”»។
ដោយឡែក កីឡាករ ចាន់ វឌ្ឍនាកា ក៏បានបង្ហោះសារដែរថា «ជាដំបូងខ្ញុំសូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ មន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជាដែលស្វះស្វែងជួយសម្រួល និង យកចិត្តទុក្ខដាក់ព្យាបាលយើងនៅទីនេះ និង អរគុណដល់បងប្អូន អ៊ុំ ពូមីង យាយតា ដែលបានជូនពរបារម្ភដល់ពួកយើង
ស្ថានភាពពួកយើងចាប់ផ្ដើមប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះពួកយើងកំពុងតែមានសុខភាពល្អឡើងវិញ ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យនៅទីនេះ ២៤ម៉ោងលើ២៤ម៉ោង ខ្ញុំនឹងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ សូមបងប្អូន អ៊ំ ពូមីង យាយតា ទាំងអស់បន្តអនុវត្តន៍នៅវិធានការណ៍៣កុំ៣ការពារអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល»៕