លោក អ្នក បានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ពូម៉ៅ បានឡាយយំរៀបរាប់យ៉ាងកម្សត់ បង្ហាញពីអារម្មណ៍នឹកប្រពន្ធកូន និងចង់ជួបជុំគ្រួសារឡើងវិញ ដោយសង្ឃឹមថា ភរិយាខ្លួនឃើញវីដេអូហើយ ព្រមលើកលែងទោសឲ្យ ដើម្បីសុភមង្គលគ្រួសារនោះ។
ចំណែក អ្នកស្រី ទ្រី ដាណា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានបង្ហោះសារយ៉ាងវែងអន្លាយថា «នៅពីក្រោយស្នាមញញឹមរបស់មនុស្សម្នាក់ៗ មានបញ្ហា និងទុក្ខលំបាករាប់ពាន់ម៉ឺនសែន ដែលត្រូវឆ្លងកាត់ បញ្ហាមនុស្សស្រីជួបច្រើនបំផុត គឺរឿងគ្រួសារ តែនាងក៏ជាមនុស្សពូកែទ្រាំបំផុតក្នុងរឿងគ្រួសារ។
មិនថារងការឈឺចាប់ មានទុក្ខលំបាក មានបញ្ហាផ្ទៃក្នុង ឬទទួលទារុណយ៉ាងណា ក៏មិនអាចនិយាយបាន ព្រោះតែពាក្យថា កិត្តិយសមនុស្សស្រី និងពាក្យថា មកពីកម្មយើងទេ មនុស្សប្រុសមួយចំនួនតូចមានកម្លាំង មានសេរីភាព អាចធ្វើបានគ្រប់យ៉ាង អាចផឹកស៊ីសប្បាយ អាចយកពាក្យថាមកពីស្រា ធ្វើបាបប្រពន្ធ ធ្វើបាបមនុស្សស្រី បំពានគ្រប់បែបយ៉ាង តាមកម្លាំងដែលខ្លួនមាន រួចនិយាយថាមកពីស្រា ប៉ុន្តែមនុស្សស្រីមិនអាចទេ។
គេអាចសម្ដែងមុខ២ ធ្វើជាគួរអាណិតមុខមនុស្សទូទៅ តែជាមនុស្សមានអំណាចលើប្រពន្ធ ធ្វើបាបប្រពន្ធទៅតាមកម្លាំង។ ខ្ញុំព្យាយាមស្ងប់ស្ងាត់ រក្សាកិត្តិយសខ្លួនឯងជាមនុស្សស្រី មិននិយាយច្រើនពីបញ្ហាគ្រួសារទេ ហើយគ្រប់គ្នាអាចយល់ការលំបាកនេះ ជាពិសេសក្នុងនាមមនុស្សស្រីដូចគ្នា។
អ្នកណាចង់ឱ្យឪពុកម្ដាយបែកបាក់គ្នា? ពេលឃើញគាត់ឈ្លោះគ្នា យើងពិបាកចិត្តណាស់ មិនចង់ឱ្យបែក យំអង្វរ តែនៅពេលមានគ្រួសារខ្លួនឯង ទើបបដឹងថា ការដោះលែងជារឿងល្អបំផុត នៅពេលជួបមនុស្សមិនយល់ចិត្ត មិនដឹងខ្លួនខុស ម្ដងហើយ ម្ដងទៀត ហើយវិលមកវិញ គឺដើម្បីតែគ្រប់គ្រង ប្រើអំណាចមនុស្សប្រុស។
មនុស្សស្រី ដែលពឹងលើប្ដី ប្រាកដជាទ្រាំ តែកុំបង្រៀនឱ្យនាងរឹងមាំ ឈឺចាប់ ដំបៅក្លាយជាមហារីក ចិត្តក្លាយជាដុំថ្ម។ ពេលវេលាបន្ត ខ្ញុំដឹងត្រឹមប្រឹងរកស៊ីបំពេញបេះដូងខ្លួនឯង មើលថែកូនៗ ជួយអ្នកដទៃតាមចិត្តចង់ មិនអាចឱ្យគេធ្វើបាបទៀតឡើយ គ្រប់គ្រាន់ហើយ
ជូនពរអ្នកទាំងអស់គ្នា ជួបមនុស្សល្អៗ យល់ចិត្តគ្នា ខំប្រឹងរកស៊ី ដើរតាមក្ដីស្រមៃទៅអនាគតជាមួយគ្នា ហើយក៏ផ្ដាំទៅមនុស្សប្រុសមួយចំនួនថា នារីទន់ភ្លន់ជាមនុស្សគួរស្រលាញ់ តែកុំធ្វើបាបនាងរហូតនាងទៅជាមនុស្សរឹងមាំខ្លាំងពេក»។
លុះនៅរសៀលថ្ងៃដដែលនេះ អ្នកស្រី ក៏បានឡាយវីដេអូ ញុំាបាយ និងលក់ផលិតផល ស្រាប់តែមាន មតិលើកឡើងថា «មើលទៅបងស្រីសប្បាយចិត្តរហូត តែពូម៉ៅ ពិបាកចិត្ត»។ ជាការឆ្លើយតបអ្នកស្រី ទ្រី ដាណា បញ្ជាក់ថា ធម្មតា ខ្លួនឡាយលក់ផលិតផល តែងតែសប្បាយអញ្ចឹងហើយ មិនមែនមកឡាយយំឲ្យគេជួយទិញអីវ៉ាន់អីណា ហើយអ្វី ដែលសំខាន់ខ្លួនដឹកនាំបងប្អូនជាច្រើននៅក្នុងដៃ អញ្ចឹងខ្លួនត្រូវតែរឹងមាំ ហើយខ្លួនមិនបានហាមឃាត់ពូម៉ៅ មិនឲ្យជួបកូនឯណា ចង់ជួបកូនស្នើទៅ។
នៅពេលមានអ្នកខំមិនប្រាប់ពីដំណឹងពូម៉ៅ ឡាយយំនឹកប្រពន្ធកូននោះ ស្រាប់តែអ្នកស្រី ទ្រី ដាណា តបថា «គាត់ឡាយយំ អាហ្នឹងរឿងរបស់គាត់ ប៉ុន្តែគ្រាន់ថា អ្វី ដែលគាត់ធ្វើដាក់ប្រពន្ធកូន គាត់មានដឹងអត់ ហើយបងប្អូនទាំងអស់គ្នាខ្ញុំអរគុណហើយ ដែលអ្នកខ្លះយកមកខំមិនថា ចង់ឲ្យខ្ញុំត្រូវគ្នាវិញ ចង់ឲ្យអីអញ្ចឹង ខ្ញុំអរគុណមែនទែន ដែលស្រឡាញ់គ្រួសារខ្ញុំ ប៉ុន្តែបងប្អូន អត់បាននៅជាមួយខ្ញុំទេ ហើយមនុស្ស ដែលគាត់អត់ស្គាល់កំហុសខ្លួនឯងគឺពិបាកហើយ»៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោម ៖