ក្រោយពីផលិតកម្ម Galaxy Navatra បានសម្រេចចិត្តទិញសិទ្ធិម្ចាស់សំឡេងនៃពាក្យ“are you ok?” ដើម្បីយកទៅឲ្យតារាចម្រៀង តន់ ចន្ទសីម៉ា ច្រៀង ហើយចេញជា trailersមួយរយៈ ក៏លុបចេញវិញនោះ, រឿងនេះ បានក្លាយជាប្រធានបទដ៏រសើបរបស់មហាជនក្នុងការជជែកវែកញែក។
មតិខ្លះ បានសម្ដែងការគាំទ្រចំពោះបទចម្រៀង “are you ok?” របស់ តន់ ចន្ទសីម៉ា ដែលចេញជា trailers កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ដោយពួកគេលើកឡើងថា មានលក្ខណៈជាអន្តរជាតិ ដើម្បីប្រកួតប្រជែងទីផ្សារបរទេសឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់។
ចំណែកមតិមួយចំនួនទៀតនោះ មិនគាំទ្រឡើយ ដោយពួកគេ លើកឡើងថា មានពាក្យពេចន៍មិនសមរម្យ ជាការបំផ្លាញវប្បធម៌ខ្មែរ, ជាគំរូមិនល្អ ដែលបង្ហាញទិដ្ឋភាពមិនសមរម្យនៅក្នុងថ្នាក់រៀនជាដើមនោះ។
ចំពោះ តន់ ចន្ទសីម៉ា ជាអ្នកច្រៀងបទនេះផ្ទាល់ បានលើកឡើងកាលពីយប់ថ្ងៃទី១១ ខែតុលាថា «ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាពហើយ គឺដើម្បីបទចម្រៀងមួយបទដោយបំណងចង់អោយអន្តរជាតិស្គាល់ ប្រសិនបើមានកំហុស សូមអោយកំហុសនេះធ្លាក់មកលើខ្ញុំចុះ ក្រុមការងារគ្មានចេតនាណាមួយដែលចង់អោយប៉ះពាល់អារម្មណ៍បងប្អូននោះទេតែបរិបទពិភពលោកមិននៅរង់ចាំយើងទៀតទេ សរុបមកខ្ញុំជាអ្នកខុស»។
ការអះអាងរបស់តារាចម្រៀង តន់ ចន្ទសីម៉ា នេះ មានមតិខ្លះក៏គាំទ្រ មតិខ្លះទៀត ក៏មិនគាំទ្រនោះឡើយ។ ក្រោយពីមានការខ្វែងគំនិតគ្នានេះ នាងក៏សម្រេចលុបសារនេះ ចេញវិញ ហើយបានបង្ហោះសារ១ទៀតនៅល្ងាចថ្ងៃទី១២ ខែតុលា ដោយធ្វើការសុំទោសជាសាធារណៈ ថា «ឲ្យខ្ញុំសូមទោសពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់កំហុសឆ្គងរបស់ខ្ញុំ»។
គួរបញ្ជាក់ថា បទចម្រៀង Are You Ok? ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យលុបចេញ ដើម្បីកែសម្រួលចំណុចខ្វះខាតនេះ បើតាមលោក យឹម តាស្រង់ នាយកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra អះអាងថា បានចំណាយលុយ អស់ជាង ៥ម៉ឺន ដុល្លារ ឯណោះ៕