គេនៅចាំបានថា កាលពីរាត្រី ឆ្លងចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតជើងទី១ជាមួយក្រុមជម្រើសកោះហ្គាំក្នុងយុទ្ធនាការណ៍វគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅប្រទេសបារ៉ែន ហើយជាលទ្ធផល ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមជម្រើសកោះហ្គាំ ១ទៅនឹង០។
នៅមុនចាប់ផ្ដើមការប្រកួតនោះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រ ចិត្តធម៌ បានប្រកាសថា «យប់នេះ អ្នកណាមើលបាល់ខ្លះ? ចែដាណាចង់មើលដែរ ដើម្បីឱ្យសប្បាយចិត្តទាំងអស់គ្នា ខ្ញុំជួយឧបត្ថម្ភ 10000$ ដល់សហព័ន្ធ។
បើស៊ុតចូលគេ ១គ្រាប់ថែម 5000$ ទៀត ដល់ក្រុម (បានច្រើនគ្រាប់កាន់តែល្អ)ចង់ឃើញស៊ុតចូលច្រើនៗ ហើយសប្បាយចិត្តទាំងអស់គ្នា ទោះលទ្ធផលយ៉ាងណាក៏នៅតែគាំទ្រ កម្ពុជា ស៊ូស៊ូ ផ្ដល់កម្លាំងចិត្តទាំងអស់គ្នា ខ្មែរតែមួយ»។
ដោយឡែក នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតជើងទី២ជាមួយក្រុមជម្រើសកោះហ្គាំ ទៀត ហើយអ្នកស្រី ទ្រី ដាណា ក៏ប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមទាំងមូល ដូចលើកមុនផងដែរ ដោយ១គ្រាប់ ជូនថវិកា៥ពាន់ដុល្លារ។
អ្នកស្រី ទ្រី ដាណា បានបង្ហោះសារនៅរសៀលថ្ងៃទី១២ ខែតុលានេះ ដោយបញ្ជាក់ដូច្នេះថា «ផ្ដល់កម្លាំងចិត្តកីឡាករបាល់ទាត់កម្ពុជាយើងដល់ពេលទៀតហើយយប់នេះ តែអត់ទាន់ដឹងថា ម៉ោងម៉ាន មិនខុសប្រកួតមុនទេ
បើស៊ុតចូលគេមួយគ្រាប់ជូន 5000$ លើកទឹកចិត្តដល់ក្រុម ប៉ុន្មានគ្រាប់ក៏បាន កាន់តែច្រើនកាន់តែសប្បាយមើល (នាងខ្ញុំសូមជូនដល់ក្រុមទាំងមូល ដូចលើកមុនដែរ)ព្រោះសហការគ្នាបានល្អ ទើបស៊ុតចូលគេ គាំទ្រទាំងអស់គ្នា ដើម្បីឱ្យកីឡាបាល់បាល់ទាត់ខ្មែរយើងរីកចម្រើន»។
ដោយឃើញបែបនេះ អតីតតារាចម្រៀង មួន ម៉ារ៉ា ម្ចាស់បទ «អូនទៅភ្នំពេញ» បានលើកឡើងថា «ពិតជាបន្តការលើកទឹកចិត្ត និងគាំទ្រកីឡាកម្ពុជាពិតមែន សូមកោតសរសើរដោយស្មោះ! លើកនេះអាចថែម១៥០០០បន្ថែមឬលើសពីនេះព្រោះ៣គ្រាប់គឺដឹងតែបានហើយ! ទូទាត់លេងៗ៣ម៉ឺនទៅហើយ។ ការឧបត្ថម្ភចេញពីចិត្តនេះគឺជាលាភសំណាង និងពរជ័យរបស់ក្រុមទាំងមូល ដូច្នេះត្រូវតែឈ្នះ! គាំទ្របាល់ទាត់កម្ពុជាទាំងអស់គ្នា»។
គួរបញ្ជាក់ថា ការប្រកួតយប់នេះ ស្ថិតក្នុងវគ្គ Playoff នៃវគ្គជម្រុះ AFC Asian Cup។ ប្រសិនបើឈ្នះ, កម្ពុជា នឹងឡើងទៅវគ្គជម្រុះជុំចុងក្រោយ (Third Round) ដែលមាន២៤ក្រុម ត្រូវប្រជែងគ្នាយក១១កៅអី។ ក្នុងចំណោម២៤ក្រុមនេះ នឹងត្រូវចាប់ឆ្នោតចែកជា៦ពូល ដែលក្នុងពូលនីមួយៗមាន៤ក្រុមធ្វើការប្រកួតប្រជែង។
ក្រុមមានពិន្ទុខ្ពស់ឈរលេខ១ និងក្រុមលេខ២ល្អជាងគេ ត្រូវជ្រើសរើសយក១១ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ ឬចុងក្រោយបំផុតនៅឆ្នាំ២០២៣នៅប្រទេសចិន។ សម្រាប់ចិនមានឈ្មោះជុំផ្ដាច់ព្រ័ត្រជាស្រេចហើយក្នុងនាមជាម្ចាស់ផ្ទះ៕