ភ្នំពេញ៖ រហូតមកដល់ពេលនេះ ផលិតករ និង តន្ត្រីករ ជើងចាស់ចំនួន៣រូប ដែលមានឈ្មោះល្បីល្បាញខ្លាំង កាលពីទសវត្សរ៍ជំនាន់ទី៦០ បានទទួលអនិច្ចកម្ម ដោយសារជំងឺកូវីដ១៩ បន្សល់នូវស្នាដៃរាប់មិនអស់។
១.ឯកឧត្តម ម៉ៅ អាយុទ្ធ
ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍ ត្រូវបានគេស្គាល់ថា ជាផលិតករភាពយន្តដ៏ល្បីល្បាញមួយ ក្នុងចំណោមផលិតករល្បីឈ្មោះដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ។ ឯកឧត្តមបន្សល់ទុកស្នាដៃផលិតខ្សែភាពយន្តខ្សែជាច្រើន វីដេអូចម្រៀងកាយវិការកំណាព្យ ប្រលោមលោក ជាដើម។ ក្រៅពីខ្សែភាពយន្តល្បីល្បាញនៅយុគមាសវិស័យភាពយន្តខ្មែរនាទសវត្សឆ្នាំ១៩៦០ និងឆ្នាំ១៩៩០ លោកក៏បានផលិតខ្សែភាពយន្តមួយចំនួនទៀតនៅក្រោយឆ្នាំ២០០០ ក្នុងនោះខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ ២០១៦ កន្លងទៅ។
ឯកឧត្តម ម៉ៅ អាយុទ្ធ បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយសារជំងឺកូវីដ១៩។
២.លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម
លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម បើនិយាយពីវិស័យភាពយន្ដខ្មែរនៅអតីតកាល ប្រហែលជាអ្នកធ្លាប់បានស្គាល់ពីស្នាដៃរបស់អ្នកនិពន្ធ និងជាផលិតករភាពយន្តជើងចាស់លោក លី ប៊ុនយីម។ លោក លី ប៊ុនយីម ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីរន្ទឺនាទសវត្សរ៍ ទី៦០ ដែលគេប្រសិទ្ធនាមថា ជាយុគមាសនៃវិស័យភាពយន្ត។
លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម គឺជាសិល្បកររៀមច្បងក្នុងវិស័យភាពយន្តខ្មែរ តាំងពីសម័យកកើតភាពយន្តដំបូង ដោយលោកមាននាទីជាអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងផលិតករដែលមានស្នាដៃល្អចំណានហើយបានទទួលការកោតសរសើរពី មហាជនគ្រប់ស្រទាប់មជ្ឈដ្ឋាន ទាំងជាតិ និងអន្តរជាតិ។
កាលពីមុនឆ្នាំ១៩៧៥លោក លី ប៊ុនយីម បានកសាងស្នាដៃភាពយន្តជាច្រើនសម្រាប់ផលិតកម្មរន្ទះពេជ្រភាពយន្តរបស់លោក មានដូចជារឿងសព្វសិទ្ធិ , រឿងពុទ្ធិសែននាងកង្រី , រឿង អនអើយស្រីអន ,រឿង សេះសមុទ្រ ,រឿងចំណងដៃទឹកភ្នែកដែលសុទ្ធតែជាភាពយន្តដែលល្បីល្បាញកំពូលនៅក្នុងប្រទេសកម្ពុជា។
លោកព្រឹទ្ធាចារ្យលី ប៊ុនយីម បានទទួលមរណភាពក្នុងជន្មាយុ ៨៥ឆ្នាំ ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២១កន្លងទៅថ្មៗនេះ។
៣.តន្ត្រីករវីយូឡុងជើងចាស់លោក ហេ ជុនសិ
លោកព្រឹទ្ធាចារ្យ ហេ ជុនសិ គឺជាអតីតតន្ត្រីករវីយូឡុងជើងចាស់ ដែលសិល្បករជំនាន់មុនស្គាល់ថា ជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានទទួលមរណភាពហើយ នៅរសៀល ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១នេះ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្តាតអូឡាំពិក។
លោក ហេ ជុនសិ ជាតន្រ្តីករដ៏ជំនាញផ្នែកវីយូឡុងតាំងពីទសវត្ស៦០ និងជាអ្នកនិពន្ធបទភ្លេង ជាអ្នកសម្រួលតន្រ្តី និងជាអ្នកដឹកនាំភ្លេងប្រគំដ៏ពូកែមួយរូបផងដែរ ស្នាដៃសំខាន់ៗដែលលោកបានកសាងរួមមាន បទ វាលស្រែមួយរយ , បទ សោភិនីមាសស្នេហ៍ , បទ ចន្ទពេញបូរមី , បទ សំរែកស្នេហ៍កម្មលោកិយ៍ , បទ តាមកម្មផល , បទ ស្តាយអើយសែនស្តាយ , បទ ជួយបង , បទ បេះដូងកំព្រា , បទ ស្នេហ៍យើង , បទ ថ្ងៃស្អែកបែកគ្នា ជាដើម៕
ប្រភពពីតារាញូស៍