ក្រោយពីបទចម្រៀង Are You Ok? ចេញជា trailers ហើយទទួលបានការរិះគន់មួយចំនួន ពីអ្នកគាំទ្រនោះ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានបញ្ជាឲ្យលោក យឹម តាស្រង់ លុបបទនេះចេញ ដើម្បីកែសម្រួលថតសាឡើងវិញ។
អ្នកឧកញ៉ា បានបង្ហោះរូបថតខ្លួនឯង១សន្លឹក អមដោយស្ក្រីនសត trailers បទនេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ហើយបញ្ជាក់ដូច្នេះថា «សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ»
ក្រោយពីមានការបញ្ជាឲ្យលុបបែបនេះ លោកយឹម តាស្រង់ បានត្រឹមសម្ដែងការ អន់ចិត្ត សោកស្ដាយ និងសន្យានឹងកែប្រែចំណុចខ្វះខាតមួយចំនួន។ ក្នុងនោះ លោក ក៏បានលើកឡើងពីការខិតខំរបស់កូនចៅរបស់លោកម្នាក់ៗ សូម្បីតែបុណ្យទានគ្មានពេលសម្រាក ព្រមទាំងទទួលកំហុសតែម្នាក់ឯងក្នុងនាមជាអ្នកដឹកនាំផងដែរ។
លោកយឹម តាស្រង់ នៅព្រលប់ថ្ងៃទី១១ ខែតុលា បានបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញពីការខិតខំប្រឹងប្រែងថតMVបទនេះ អមដោយសាររៀបរាប់ភ្ជាប់ជាមួយស្ទីកឃ័រទឹកភ្នែក ដូច្នេះថា «បទចម្រៀង១បទដែលចំណាយអស់ជាង៥ម៉ឺនដុល្លារ ត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោល
ពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំ និងក្រុមការងារមិនប្រាកដថា ទទួលបានការសរសើរឡើយ ទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តី ព្រោះផែនការថ្មីផលិតកម្មGALAXYលែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយ
រីឯអាខោនTikTok គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេសCommentយ៉ាងច្រើនគ្រប់យ៉ាងមានតែពាក្យសោកស្តាយ ហើយខ្ញុំនឹងកែប្រែនូវចំណុចខ្វះខាតមួយចំនួន ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់សូម្បីខែបុណ្យទានមិនបានសម្រាកផង កំហុសទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយគ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំ
ខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោសបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា»។
សូមបញ្ជាក់ថា Galaxy Navatra បានសម្រេចចិត្តទិញសិទ្ធិម្ចាស់សំឡេងនៃពាក្យ“are you ok?” នេះក្នុងតម្លៃមិននឹកស្មានដល់រហូតដល់១២០០០ ដុល្លារ ដែលអាចឲ្យម្ចាស់សំឡេងនោះមានលទ្ធភាពយកប្រាក់នោះ ទៅប្រកបរបររកស៊ី ឬអាចសង់ ផ្ទះបាន សមល្មមរស់នៅយ៉ាងសុខស្រួល។ តែគួរឲ្យស្ដាយ បទនេះ ទើបតែចេញ trailers មិនទាន់បានប៉ុន្មានផង ត្រូវអ្នកឧកញ៉ា បញ្ជាឲ្យលុបចេញវិញ ដើម្បីកែសម្រួលថតសាជាថ្មីនោះ៕