លោកអ្នក បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ផលិតកម្មGalaxay Navatra បានសម្រេចទិញសិទ្ធិសំឡេង ពីម្ចាស់បទ Are You Ok? ដែលល្បីពេញទីកតុក ដើម្បីយកមកបញ្ចូលក្នុងបទចម្រៀងរបស់ តន់ ចន្ទសីម៉ា។
ក្រោយទិញសិទ្ធិសំឡេង ហើយយកបញ្ចូលក្នុងបទចម្រៀងរបស់ តន់ ចន្ទសីម៉ា ចេញ trailers មិនបានប៉ុន្មានផង ស្រាប់តែមានការរិះគន់ជាច្រើនពីអ្នកគាំទ្រ រហូតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាទៅលោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងទៅរបស់ផលិតកម្មឲ្យលុបចោលជាបន្ទាន់ ដោយតម្រូវឲ្យកែសម្រួលថតឡើងសាជាថ្មី។
បន្ទាប់ពីមានការបញ្ជាឲ្យលុបបែបនេះ លោកយឹម តាស្រង់ បានត្រឹមសម្ដែងការសោកស្ដាយ និងសន្យានឹងកែប្រែចំណុចខ្វះខាតមួយចំនួន។ ក្នុងនោះ លោក ក៏បានលើកឡើងពីការខិតខំរបស់កូនចៅរបស់លោកម្នាក់ៗ សូម្បីតែបុណ្យទានគ្មានពេលសម្រាក ព្រមទាំងទទួលកំហុសតែម្នាក់ឯងក្នុងនាមជាអ្នកដឹកនាំផងដែរ។
ស្រដៀងគ្នានេះដែរ តារាចម្រៀង តន់ ចន្ទសីម៉ា នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហោះសារបង្ហាញពីគោលបំណងនៃការខិតខំផលិតបទនេះឡើង ហើយក៏ប្រកាសទទួលកំហុសតែម្នាក់ឯង ផងដែរ។
តន់ ចន្ទសីម៉ា បង្ហោះរូបថតជាច្រើនសន្លឹក អមដោយសាររៀបរាប់បែបនេះថា «ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាពហើយគឺដើម្បីបទចម្រៀងមួយបទដោយបំណងចង់អោយអន្តរជាតិស្គាល់ ប្រសិនបើមានកំហុស សូមអោយកំហុសនេះធ្លាក់មកលើខ្ញុំចុះ ក្រុមការងារគ្មានចេតនាណាមួយដែលចង់អោយប៉ះពាល់អារម្មណ៍បងប្អូននោះទេតែបរិបទពិភពលោកមិននៅរងចាំយើងទៀតទេ សរុបមកខ្ញុំជាអ្នកខុស»៕