តារាចម្រៀងលោក ជុំ លីណូ បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថានឹងជួយជ្រោមជ្រែងលោក ជៀស ស្រួច ឱ្យងើបឈរឡើងវិញក្នុងវិស័យសិល្បៈ បន្ទាប់ពីអតីតស្ដេចប្រដាល់រូបនេះ មានជីវភាពធ្លាក់ដុនដាបខ្លាំង ។
បើទោះជាយ៉ាងណា លោក ជុំ លីណូ បានបញ្ជាក់ប្រាប់ តារាញូស៍ ថា ការជួយជ្រុំជ្រែងលោក ជៀស ស្រួច នេះ គឺមិនដល់ថ្នាក់មានបានអ្វីធំដុំនោះទេ បានត្រឹមឱ្យគាត់មានមុខមាត់ និងរស់ស្រួលខ្លះៗឡើងវិញតែប៉ុណ្ណោះ ។
ដោយលោកនិយាយរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំគ្រាន់តែចង់ឱ្យគាត់មានមុខមាត់ឡើងវិញខ្លះៗ និងបានរស់ស្រួលឡើងវិញខ្លះ ។ វាមិនមានបានអ្វីទេ ហើយខ្ញុំក៏មិនមែនជាអ្នកមានអ្វីដែរ ខ្ញុំរកស៊ីតាមលទ្ធភាពដូចគេដូចឯងទេ» ។
មិនតែប៉ុណ្ណោះ អតីតតារាចម្រៀងជូរមុខរបស់ផលិតកម្មសាន់ដេ លោក ជុំ លីណូ អះអាងទៀតថា គោលដៅរួម គឺលោកចង់ឱ្យលោក ជៀស ស្រួច គ្រោកឈរក្នុងវិស័យសិល្បៈវិញ ចំណែកឯវិស័យប្រដាល់ លោក ជៀស ស្រួច មិនអាចទៅរួចដូចមុនទៀតឡើយ ។
លោក ជុំ លីណូ បាននិយាយថា៖ «គោលដៅរួម គឺខ្ញុំចង់ឱ្យគាត់គ្រោកឈរក្នុងវិស័យសិល្បៈ ប៉ុន្តែបើក្នុងវិស័យកីឡានោះ វ័យគាត់នេះដូចជាជ្រេរទៅហើយ» ។
គួររំលឹកថា កាលពីជាង១០ឆ្នាំមុន នរណាៗក៏ស្គាល់អតីតកីឡាករប្រដាល់លោក ជៀស ស្រួច ដែរ ពោលគឺលោកមានកេរ្ដ៍ឈ្មោះកាន់តែខ្លាំង ក្រោយចូលប្រឡូកក្នុងវិស័យសិល្បៈ ។ លោក ជៀស ស្រួច បានល្បីល្បាញខ្លាំង ចាប់តាំងពីលោកសម្ដែងបទចម្រៀងរបស់លោក ខេមរៈ សិរីមន្ដ «បេះដូងអ្នកប្រដាល់» ។
ប៉ុន្តែបន្ទាប់ពីល្បីល្បាញនោះ លោក ជៀស ស្រួច ស្រាប់តែបាត់ដំណឹងសូន្យឈឹង រហូតថ្មីៗនេះទើបតែបែកធ្លាក់ថា លោកកំពុងធ្លាក់ក្នុងស្ថានភាពគ្រួសារលំបាក ជាមួយនឹងជំងឺប្រចាំកាយ ។ បើទោះជាយ៉ាងណា អតីតអ្នកលេងគុនខ្មែររូបនេះ ក៏ត្រូវបានបណ្ដាសប្បុរសជនមួយចំនួនជួយឧបត្ថម្ភ ក្នុងនោះក៏មានឧកញ៉ា ឡេង ប្រុស បានឧបត្ថម្ភនូវម៉ូតូហុងដាស៊េរី ២០២១ មួយគ្រឿងផងដែរ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖