កាលពីពេលថ្មីៗកន្លងទៅនេះ មានផ្ទុះព័ត៌មានដ៏កក្រើកមួយថា ថៃ កំពុងសាងសង់ ប្រាសាទមួយ លើទឹកដីរបស់ខ្លួន ដែលមានរូបរាងស្រដៀងប្រាសាទអង្គវត្ត ជាហេតុធ្វើឲ្យប្រជាពលរដ្ឋខ្មែរផ្ទុះប្រតិកម្មយ៉ាងខ្លាំង។
ភ្លាមៗនោះដែរ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលព័ត៌មានជាបឋមមួយចំនួនដូចខាងក្រោម ៖
១. សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃទៀតមានភាពចម្រុះគ្នាជាជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុកណារ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើអំពីថ្មភក់នៅផ្នែកខាងក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។
២. តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះ គឺមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាប័ទ្មស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួន ដែលមាននៅក្នុងតំបន់នោះ។
៣. តំណាងអ្នកសម្របសម្រួល នៃគម្រោងសា្ថបនាប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើឲ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ។
បើទោះជាបែបនេះក្ដី បើងាកមក ចំប៉ីខ្មៅ វិញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើពិធី ដាក់បណ្ដាសាមួយ ដោយរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា «សូមអស់ទេពនិករ គង់អមព្រះមហាស្វេត្រឆ័ត្រ ដែលតែងថែរក្សាដែនព្រះរាជាណាចក្រ
កូនចៅមានក្ដីក្ដៅក្រហាយ ពន់ប្រមាណ សព្វសត្វសៀមបានលួចចម្លងម្ដងហើយម្ដងទៀតនូវវប្បធម៌ ប្លង់ប្រាសាទដូនតាបុព្វបុរស កូនចៅសូមឱ្យទេវតារក្សាទឹក ដី ព្រះច័ន្ទ ព្រះអាទិត្យ ព្រះពាយ ព្រះធរណី បញ្ចេញឫទ្ធិ រំលាយដោយខ្យល់ព្យុះ ដុតដោយកម្ដៅ បាំងឱ្យងងឹត រញ្ជួយដោយកម្លាំងដី លេចដោយជំនន់ទឹក ទៅលើទឹកដីចោរលួចព្រលឹងវប្បធម៌ខ្មែរនោះដោយអំណាចនៃសេចក្ដីលោភលន់សូមអស់ទេពនិករទទួលពាក្យកូនចៅ»។
ទន្ទឹមគ្នានេះ ចំប៉ីខ្មៅ ក៏បានបង្ហោះវីដេអូ ដែលខ្លួនធ្វើការបួងសួងនោះ ចូលទៅក្នុងបណ្ដាញសង្គមទីកតុកផងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់ទៀតនោះ សូមប្រិយមិត្ត ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖