លោកអ្នក បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ, ម្ចាស់គណនីទីកតុកមួយឈ្មោះ «បងឆើតខេត្តកំពត» ដែលតាំងខ្លួនឯង ថាជាមេធីម«នាគហោះ» នោះ ត្រូវបានផលិតកម្មកម្មGalaxy Navatra ហៅទៅជួប ដើម្បីនិយាយគ្នាពីការទិញសិទ្ធិសំឡេងបទ Are You Ok?
ក្រោយពីជួបគ្នារួចមក បុរសឈ្មោះ ម៉ៅ វុត ហៅមេធីមនាគហោះ បានបញ្ជាក់នៅពេលនោះថា លោកបានមកជួបផ្ទាល់នៅក្រុមហ៊ុនGalaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាហើយ ដើម្បីទទួលទឹកប្រាក់ចំនួន១២ ០០០ដុល្លារ នូវថ្លៃទិញសិទ្ធិសំឡេងរបស់ខ្លួន បទ «Are You Ok?»។
លោក បញ្ជាក់ទៀតថា លុយចំនួន១២ ០០០ដុល្លារ នេះ លោកចែក១ពាន់ដុល្លារទៅកាន់អ្នកRemixដំបូងបំផុត ហើយឆានែលមួយ ដែលគេលេងច្រើន នូវបទ Are u okហ្នឹង សូមមកទទួលទឹកប្រាក់១ពាន់ដុល្លារ ពីលោកផងដែរ។ ក្រោយពីបញ្ជាក់បែបនេះរួច លោកក៏បានបង្ហាញរូបថតពីការទទួលលុយ ពីលោក យឹម តាស្រង់ ផងដែរ។
ចំពោះផលិតកម្មGalaxy Navatra ក្រោយពីទិញសិទ្ធិសំឡេងនេះរួចមក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ក៏បានបង្ហាញបទចម្រៀងថ្មី របស់តារាចម្រៀង តន់ ចន្ទសីម៉ា មានចំណងជើងថា Are You Ok? ដែលត្រៀមចេញMVនៅពេលឆាប់ៗខាងមុខនេះ។
បទ ដើម ដែលគេRimex ចេញពីសំឡេងរបស់ មេធីមនាគហោះនោះ មានខ្លឹមសារថា «Are You Ok? Ok ok you can plab plab (ផ្លាប់ៗ) with me in the classroom ok? ចំពោះផលិតកម្មGalaxy Navatra ក្រោយទិញសិទ្ធិពីគេរួចមក បានយកសំឡេងនេះ ទៅបញ្ចូលក្នុងបទរបស់ តន់ ចន្ទសីម៉ា ដោយកែបន្តិចថា «Are You Ok? Ok ok you can you can clap clap with me in the classroom ok?
ចំពោះខ្លឹមសារនៃបទ ដើម ត្រូវបានមតិមួយចំនួនរិះគន់ថា ជាពាក្យអសីលធម៌ ហើយពេលផលិតកម្មGalaxy Navatraកែមកជាពាក្យអង់គ្លេសថា Clap Clapឲ្យតន់ ចន្ទសីម៉ាច្រៀងនោះ ក៏នៅតែមានមតិមួយចំនួនរិះគន់ដដែល។
តាមពាក្យទៅ បើយោងតាមវចនានុក្រមសម្ដេចសង្ឃឹម ជួនណាត ពាក្យថា ផ្លាប់ (ប្លាប់) មានន័យថា សូរឮដោយវាយ, ទះ, ទាត់ជាដើម។ ចំណែក ពាក្យ Clap ដែលជាពាក្យអង់គ្លេសនោះ ក៏មានន័យស្រដៀងគ្នាដែរថា ទះដៃ។ តែបើយើងគិតអវិជ្ជមាន ពាក្យ ផ្លាប់ៗនោះ ច្បាស់ជាក្លាយជាន័យ អសីលធម៌ ដូចគេរិះគន់នោះហើយ៕ សូមទស្សនាវីដេអូ បទរបស់តន់ ចន្ទសីម៉ា ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖