ភ្នំពេញ ៖ អតីតតារាសម្ដែង និងពិធិការិនីឆ្នើមកញ្ញា ដួង ហ្សូរីដា បានរំលឹករឿងអតីតកាលជាង៤ឆ្នាំមុន ដែលធ្លាប់ធ្វើរឿងមួយដើម្បីជួយសង្គ្រោះជីវិតលោក យូ ឌីស្កូ អតីតតារាចម្រៀង និងសម្ដែងដោយបរិច្ចាគឈាមជួយជូនតារាចម្រៀងនិងសម្ដែងរូបនេះ។
រៀបរាប់នៅលើបណ្ដាញសង្គមរបស់ខ្លួន តារាស្រីរូបនេះបាបង្ហាញឆន្ទៈយ៉ាងដ៏មុះមុត និងទឹកចិត្តដ៏ជ្រះថ្លា ប្រថុយប្រថានជីវិតរបស់ខ្លួនកាលពី៤ឆ្នាំមុន ផ្ដល់ឈាមជួយសង្រ្គោះជីវិត យូ ឌីស្កូ ដែលនាងចាត់ទុកថាជាបងប្រុស និងជាអ្នករួមអាជីព។ កញ្ញា ដួង ហ្សូរីដា បានសរសេរសំណេរខ្លីមួយថា៖ «បរិច្ចាគឈាម ជួយជីវិតបង យូ ឌីស្កូ ជាមួយមហាជនខ្មែរដទៃទៀត» ។
បើទោះជាយ៉ាងណា ការចែករំលែកនូវសំណេរខ្លីបែបនោះ ដួង ហ្សូរីដា មិនបានបង្ហាញពីគោលបំណងគាស់កកាយចង់បានផលតបស្នងអ្វីឡើយ គឺទំនងគ្រាន់តែចង់រំលឹករឿងអតីតកាល ដែលមិនអាចបំភ្លេចបាន និងអំពើល្អសាងរួមគ្នាជាមួយនឹងមហាជនខ្មែរតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ការសម្រេចចិត្តផ្ដល់ឈាមជួយសង្រ្គោះជីវិតលោក យូ ឌីស្កូ ពីតារាសម្ដែង និងពិធីការិនីឆ្នើមកញ្ញា ដួង ហ្សូរីដា គឺធ្វើឡើងបន្ទាប់ពីអតីតតារាចម្រៀង និងសម្ដែងលោក យូ ឌីស្កូ ធ្លាក់ខ្លួនឈឺធ្ងន់រហូតត្រូវបញ្ចូនទៅព្យាបាលបន្តនៅប្រទេសឥណ្ឌា ដើម្បីធ្វើការព្យាបាលវះកាត់ប្ដូរក្រលៀន និងត្រូវលាងឈាមរៀងរាល់សប្ដាហ៍ ។
ខណៈពេលនោះ ដោយមើលឃើញពីទុក្ខលំបាកមួយនេះ ដួង ហ្សូរីដា ក៏បានសម្រេចចិត្តដោយឥតរារែក ស្ម័គ្រចិត្តផ្ដល់ឈាមជូនលោក យូ ឌីស្កូ ជាមួយនឹងមហាជនខ្មែរជាច្រើននាក់ទៀត ដែលជាហេតុមួយជួយឱ្យលោក យូ ឌីស្កូ បានជាសះស្បើយពីជំងឺរហូតមកដល់ពេលនេះ និងឈប់លាងឈាមជារៀងរាល់សប្ដាហ៍ដូចមុនទៀតហើយ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖