គេនៅចាំបានថា មុននឹងធ្វើការលែងលះគ្នាជាផ្លូវការ កាលពីចុងឆ្នាំ២០២០នោះ លោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា មានកូន៣នាក់ជាដំណក់ឈាមរួមគ្នា ក្នុងរយៈពេលរួមរស់ជាមួយគ្នាជាង១៣ឆ្នាំ ក្នុងនោះប្រុស២នាក់ និងកូនស្រីពៅម្នាក់។
កូនប្រុសស្រីទាំង៣នាក់នេះ បច្ចុប្បន្ន កំពុងរស់នៅជាមួយម្ដាយ ដោយកូនទី ១.ឈ្មោះ ឌួង គីមវិសាល មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។
គេសង្កេតឃើញថា ក្រោយពីលែងលះគ្នារួចមក អតីតគូស្វាមី ដែលធ្លាប់ត្រូវបានគេសរសើរខាងលើនេះ ឧស្សាហ៍មានជម្លោះជាមួយគ្នាជាហូរហែ ពាក់ព័ន្ធនឹងរឿងកូនៗ។ តែទឹកចិត្តស្រឡាញ់ចំពោះកូនរបស់ពួកគេ មិនសុខគ្នានោះឡើយ។
ជាក់ស្ដែង នៅម៉ោងជិត៨យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបថតជាមួយកូនស្រីពៅ អមដោយការបង្ហាញក្ដីស្រឡាញ់ថា «ក្ដីស្រលាញ់ម៉ាក់ចំពោះកូនគឺធំធេងនិងគ្មានថ្ងៃប្រែប្រួល»។
ដោយឡែក លោកឌួង ឆាយ នៅម៉ោងជាង៨យប់ថ្ងៃដដែលនោះ បានចែករំលែករូបថតក្នុងថ្ងៃខួបកំណើតកូនប្រុសទី២ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ឡើងវិញ ហើយពោលពាក្យ ថា «រីករាយថ្ងៃកំណើតណាកូនប្រុសទី 2 របស់ពុក។ ពុកសង្ឃឹមថាម្តាយកូន នឹងអោយកូនជួបធ្វើខួបជាមួយពុកណាឆ្នាំនេះ។ ទ្រាំអ្វីទ្រាំបាន ទ្រាំមិនអោយជួបកូនៗខ្ញុំមិនបានទេ យល់អារម្មណ៍ខ្ញុំក្នុងនាមជាឪពុករបស់គេផង»។
តាមរយៈសំណេរខាងលើនេះ មានការលើកជាសំណួរថា «ក្រែងតុលាការគេផ្ដល់សិទ្ធិអោយឪពុកជួបកូនតើ?»។ ជាការឆ្លើយតប លោកឌួង ឆាយ បានបញ្ជាក់ថា «គាត់មិនគោរពតាមសេចក្តីសម្រេចរបស់តុលាការបង ហើយខ្ញុំមិនចង់ប្តឹងគាត់ទេ សង្ឃឹមថា គាត់យល់ និងទម្លាក់ការគុំកួនដើម្បីរកសន្តិភាពសម្រាប់កូនៗ។ យើងអស់និស្ស័យជារឿងរបស់មនុស្សចាស់ ប៉ុន្តែកូនៗមិនអាចអស់និស្ស័យជាមួយខ្ញុំជាឪពុកទេ»៕