ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីដើមឆ្នាំ២០២១ លោកស្រី គួយ ផល្លី ទើបតែទិញរថយន្តRolls-Royceឲ្យស្វាមីរបស់ខ្លួន គឺកំពូលតារាចម្រៀងខេមរៈ សិរីមន្ត ហើយជាការឆ្លើយតបទឹកចិត្តភរិយា កំពូលតារាចម្រៀងរូបនេះ ក៏បង្ហោះសារអរគុណ ជាសាធារណៈ ផងដែរ។
នៅពេលនោះ ខេមរៈ សិរីមន្ត បានបង្ហោះសារថា «ភរិយាខ្ញុំសួរខ្ញុំថា ហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹង តើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអីចូលចិត្តតាស ស្រាប់តែឡានមកដល់មុខផ្ទះតែម្ដងអ»។ ក្រោយមក លោក បានទៅធ្វើស្លាកលេខដាក់ឈ្មោះខ្លួនឯង ហើយបង្ហោះរូបថតឈរជុំគ្រួសារ១ប៉ុស្តិ៍ ពីមុខរថយន្តនោះ អមដោយសារយ៉ាងខ្លីថា «ស្លាកលេខស្រួលចាំទេបងប្អូន»។
ដោយឡែក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ តារាចម្រៀង ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះ បានជិះរថយន្តស៊េរីដ៏ទំនើបនេះ ទៅលេងលោកយាយ ដែលជាសាច់សាលោហិតលោកតា ខេមរៈ ហើយបានបង្ហោះសារ អមដោយរូបភាពលោកយាយឈរមុខរថយន្ត ដើម្បីណែនាំឲ្យអ្នកគាំទ្ររបស់ខ្លួនបានស្គាល់ផងនោះ។
លុះនៅថ្ងៃភ្ជុំបិណ្ឌនេះ លោក ខេមរៈ សិរីមន្ត បាននាំគ្រួសារ ប្រពន្ធកូនទៅលេងស្រុកកំណើតនៅស្រុករបស់ខ្លួនម្ដងទៀត។ ជាក់ស្ដែង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ លោកស្រី គួយ ផល្លី បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយដាក់Captoionថា «ឆ្នាំនេះនាំកូនៗមកលេងស្រុកកំណើតលោកប៉ាម្ដង កុំភ្លេចខ្លួនឲ្យសោះបីកុំបីការពារទាំងអស់គ្នា»។
នៅក្នុងរូបថតជាច្រើនសន្លឹកនោះ គេសង្កេតឃើញថា កូនពៅរបស់កំពូលតារាចម្រៀងរូបនេះ លេចធ្លោជាងគេ ជាមួយនឹងកាយវិការគួរឲ្យស្រឡាញ់។ ឃើញបែបនេះ លោកខេមរៈ សិរីមន្ត ក៏និយាយថា «ក្នាញ់កូនពៅណាស់»៕