បើនិយាយដល់ខ្សែភាពយន្ដបុរាណខ្មែរមួយ ដែលមានចំណងជើងថា «ចៅស្រទបចេក» ច្បាស់ណាស់ នរណាៗក៏បានដឹង និងធ្លាប់ឮគេនិយាយតៗគ្នា ទោះបីជាអ្នកខ្លះមិនទាន់បានទស្សនាយ៉ាងណាក៏ដោយ ។
ប៉ុន្តែបើទោះជាយ៉ាងណា មានមនុស្សមិនច្រើននាក់ឡើយ ដែលបានដឹងច្បាស់ថា រឿងចៅស្របចេក ត្រូវបានថតឡើងប៉ុន្មានជំនាន់ ដឹកនាំដោយអ្នកណា ហើយនៅឆ្នាំណា?
រឿង ចៅស្រទបចេក ឬរឿង ទេវវង្សកុមារ គឺជាខ្សែភាពយន្ដដែលត្រូវបានសម្ដែង និងថត៤ជំនាន់ខុសៗគ្នា ដែលរួមមានទសវត្ស៦០, ទសវត្ស៧០, ទសវត្ស៩០ និងឆ្នាំ២០០៣ ។
តាមការបញ្ជាក់ដោយទំព័រហ្វេសប៊ុក ចៅកម្ពុជា Chao Kampuchea បានឲ្យយដឹងថា រឿង ចៅស្រទបចេក ឬ ទេវវង្សកុមារ គឺជាស្នាដៃរបស់កវី យស ងិន ដែលរឿងនេះបាននិពន្ធឡើងតាំងពីឆ្នាំ ១៨៨៩ នៃរដ្ជកាលព្រះបាទនរោត្តមមកម្លេះ ដែលកាលនោះលោកជាមន្ត្រីរាជការ។ រឿងនេះនៅតែមានឥទ្ធិពលក្នុងផ្នត់គំនិតខ្មែរនៅឡើយ ។ សព្វថ្ងៃនេះប្រសិនបើគេឃើញបុគ្គលណាម្នាក់ក្រីក្រ កម្សត់ ទុរគតនោះ គេតែងហៅបុគ្គលនោះថា «អាស្រទបចេក» គឺគេប្រដូចបុគ្គលនោះទៅនឹងចៅស្រទបចេក ក្នុងរឿង«ទេវវង្សកុមារ» ជាតួអង្គក្នុងរឿងនោះដែលកម្សត់ រហូតរកសម្លៀកបំពាក់ស្លៀកពាក់មិនបាន ក៏យកស្រទបចេកមករុំរាងកាយធ្វើជាសម្លៀកបំពាក់ ។
លុះដល់ឆ្នាំ១៩៦៤-១៩៦៥ ទើបលោក លី វ៉ា នៃផលិតកម្ម ព្រះខ័នពេជ្រភាពយន្ត បានយករឿងនេះមកដឹកនាំថតជាខ្សែភាពយន្ត ដែលសម្ដែងដោយលោក យី គីឡែន និងអ្នកនាង គីម ណូវ៉ា ដែលកាលនោះ នាង គីម ណូវ៉ា ទើបតែមានអាយុ១៥ឆ្នាំតែប៉ុណ្ណោះ ។
រំលង១ទសវត្សកន្លងទៅ គឺនៅក្នុងឆ្នាំ១៩៧៤ ទើបផលិតកម្ម កងពេជ្រភាពយន្ត ដែលមានលោក ឈា នុ ជាចាងហ្វាងបានដឹកនាំ និងផលិតរឿង ចៅស្រទបចេក នេះជាលើកទី២ ដែលរឿង ចៅស្រទបចេក លើកទីពីរនេះ បានចូលរួមសម្ដែងដោយលោក លឹម សុផន និងអ្នកនាង បូ រ៉ាវី ។
ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ជិតពីរទសវត្សបានកន្លងផុតទៅទៀត គឺនៅក្នុងឆ្នាំ១៩៩២ លោក គង្គ ប៊ុនឈឿន ក៏បានដឹកនាំថតខ្សែភាពយន្តរឿង ចៅស្រទបចេក នេះឡើងវិញជាលើកទីបី ដែលសម្ដែងដោយលោក យុត្ថារ៉ាឆានី និងអ្នកនាង អម្ពរទេវី ។
ដោយឡែកនៅអំឡុងឆ្នាំ២០០៣ គឺរឿង ចៅស្រទបចេក បានរះត្រដែតជាថ្មីម្ដងទៀត ក្រោមការដឹកនាំរឿងដោយលោក ណុប សម្បត្តិ ដែលរឿងនេះបានចូលរួមសម្ដែងដោយតារាប្រជាប្រិយមានឈ្មោះបោះសម្លេងគឺលោក នួន សុផល និងនាង ដាញ់ ម៉ូនីកា ៕
ប្រភពពីតារាញូស៍