គេនៅចាំបានថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅភ្នំពេញ ហើយរហូតមកទល់ពេលនេះ ទទួលបានចំណងដៃកូនប្រុសចំនួន៣នាក់ ដែលជាតារាចម្រៀងផងដែរ រួមមាន សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ។
លោកព្រាប សុវត្ថិ ក្រៅពីមានទឹកដមសំឡេងពីរោះ ល្បីឈ្មោះច្រើនទសវត្សរ៍ហើយនោះ រូបលោកក៏ត្រូវបានគេមើលឃើញថា មានភាពផ្អែមល្ហែមបើកចំហនៅក្នុងគ្រួសារ និងបានប្រៀនប្រដៅកូនប្រុសទាំងបីមានសីលធម៌ សុជីវធម៌ដើរតាមគន្លងផ្លូវដ៏ល្អជា គំរូដល់សង្គមជាតិ ផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ជាថ្ងៃខួបកំណើតរបស់ សុវត្ថិ មុនីនាគ នោះ លោកព្រាប សុវត្ថិ បានរៀបចំខួបកំណើតឲ្យកូនប្រុសទី២រូបនេះ យ៉ាងសាមញ្ញក៏ពិតមែន តែមើលទៅពិតជាមានភាព ផ្អែមល្ហែម កក់ក្ដៅ ស្និទ្ធស្នាល ពោរពេញដោយស្នាមញញឹម។
នៅថ្ងៃដដែលនោះ , គ្រួសារដ៏កក់ក្ដៅខាងលើនេះ ក៏បានឡាយវីដេអូ ជុំគ្នា ដ៏កម្រមួយ នៅលើទំព័រហ្វេសប៊ុករបស់លោក ព្រាប សុវត្ថិ ហើយលោកព្រាប សុវត្ថិ ក៏មានកាដូ ពិសេស ជាអាវចំនួន៣០០ ចែកជូនហ្វេនៗ ដែលទម្លាក់លេខ នៅក្នុងការឡាយនោះផងដែរ៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖