លោកអ្នក បានជ្រាបរួចមកហើយថា ក្រោយធ្លាក់ខ្លួនឈឺអស់រយៈពេលជាយូរ ហើយសភាពជំងឺកាន់តែធ្ងន់ធ្ងរនោះ តារាចម្រៀង សែម សង្វាត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅបន្ទប់ICU។ ប៉ុន្តែជាអកុសល ក៏ទទួលមរណភាព កាលពីយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។
កាលនៅមានជីវិត ស្របពេលធ្លាក់ខ្លួនឈឺនោះ តារាចម្រៀង សែម សង្វាត បានខិតខំខ្លាំងណាស់ ក្នុងការលក់ផ្លែឈើដើម្បីផ្គត់ផ្គង់ជីវភាព និងមើលជំងឺរបស់ខ្លួន។ ដោយឃើញការតស៊ូបែបនេះ កន្លងមក មានសប្បុរសជនជាច្រើន បានជួយលោកជាបន្តបន្ទាប់ រហូតដល់ដង្ហើមចុងក្រោយតែម្ដង។
ជាក់ស្ដែង កាលពីជាង៤ខែមុន អ្នកស្រី ទ្រី ដាណា បានចាត់ក្រុមការងាររបស់ខ្លួនឲ្យចុះទៅសួរសុខទុក្ខ តារាចម្រៀង សែម សង្វាត ជាមួយនឹងការយកថវិកាចំនួន២ពាន់ដុល្លារ ដើម្បីឲ្យធ្វើដើមទុករកស៊ី។ លុះពេល ទទួលដំណឹងលោក ទទួលមរណភាព អ្នកស្រី ក៏បានចូលបុណ្យ ផងដែរ។
បង្ហោះភ្ជាប់ជាមួយវីដេអូ ក្រុមការងារខ្លួនចុះទៅជួប តារាចម្រៀង សែម សង្វាត កាលពីជាង៤ខែមុន អ្នកស្រី ទ្រី ដាណា បានប្រាប់យ៉ាងខ្លី នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះថា «លោក សែម សង្វាត ខំលុះដង្ហើមចុងក្រោយ! នេះវីដេអូក្រុមការងារខ្ញុំកាលខែ៥»។
ក្រោយមកនៅថ្ងៃដដែលនេះ អ្នកស្រី បានបង្ហោះរូបថតលោកសែម សង្វាត ជាច្រើនសន្លឹក អមដោយសាររៀបរាប់ថា «គាត់តស៊ូណាស់តែសុខភាពមិនអំណោយផល ខំលុះដង្ហើមចុងក្រោយ ខ្ញុំទើបដឹងថាគាត់ផុតយប់មិញនេះ លោក សែម សង្វាត មានម្ដាយចាស់ជរា មានកូនក្នុងបន្ទុក គាត់ជួលផ្ទះគេ ជួលកន្លែងលក់ផ្លែឈើ លក់ឡើងជាំមុខអស់ ខ្លួនកាន់តែស្គម»។
អ្នកស្រី បន្តថា «កាលជាង៤ខែមុន ខ្ញុំបានឱ្យក្រុមការងារទៅជួយគាត់ 2000$ ដើម្បីផ្ដល់ដើមទុន គាត់សប្បាយចិត្តណាស់ ឃើញយកផ្លែឈើមកលក់កាន់តែច្រើន ឥឡូវបែរជាជំងឺរើឡើងមិនអាចទ្រាំទ្របន្តបានសូមលោកទៅកាន់ទីស្ងប់ នាងខ្ញុំចូលរួមរំលែកទុក្ខគ្រួសារ 500$ ទៀត»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖