អតីតតារាចម្រៀង សែម សង្វាត ធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីក្នុងឆ្នាំ ២០០១ នៅផលិតកម្មរស្មីស្ទឹងសង្កែ ក្រោយពីបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាយូរនោះ ក៏លេចវត្តមានរូបលោកឡាយលក់ផ្លែឈើ ដើម្បីដោះស្រាយជីវភាពទាំងខ្លួនកំពុងមានជំងឺជាប់កាយនោះ។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ លោកសែម សង្វាត បានបង្ហោះរូបថតផ្លែឈើជាច្រើនសន្លឹក អមដោយសារអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋជួយទិញផងដែរ។ តែប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែទទួលដំណឹងថា លោកកំពុងស្ថិតក្នុងបន្ទប់ICU។
ជាក់ស្ដែង នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ គណនីហ្វេសប៊ុករបស់លោក ទំនងកូនអ្នកកាន់ បានបង្ហោះរូបថតដេកស្ដូកស្ដឹង អមដោយសារ បញ្ជាក់ថា «ខ្ញុំបាទសែម សង្វាតជាសិល្បករផ្នែកចម្រៀងជើងចាស់កំពុងតែព្យាបាលក្នុងបន្ទប់ ICU ក្នុងមន្ទីរពេទ្យលោកសង្ឃ»។
គណនីហ្វេសប៊ុកខាងលើ បានអំពាវនាវថា «ដោយសារតែស្ថានភាពជំងឺរបស់ខ្ញុំវិវត្តន៍កាន់តែធ្ងន់ទៅៗ ត្រូវប្រើថ្នាំច្រើន ដោយខ្ញុំបាទពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាល! ដូច្នេះសូមអំពាវនាវដល់បងប្អូនសប្បុរសធម៌ទាំងអស់ ដែលចូលចិត្តអាណិតស្រលាញ់ខ្ញុំបាទ មេត្តាជួយដល់ខ្ញុំបាទផង ដើម្បីអោយខ្ញុំបាទបានរស់នៅបន្តចិញ្ចឹមគ្រួសារ និងបានបន្តការច្រៀងបំពេអារម្មណ៍ជូនដល់មហាជន ក្នុងស្រុក និងក្រៅស្រុក»។
តាមរយៈនេះ ឃើញមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានផ្ញើលុយជួយតារាចម្រៀងជើងចាស់ខាងលើនេះ ជាបន្តបន្ទាប់ផងដែរ ខណៈ អ្នកខ្លះទៀត ទោះមិនបានជួយអី ក៏បានជូនពរថា «ជូនបងប្រុស ឆាប់ជា ពីជំងឺ , គួរឲ្យសង្វេគខ្លាំងណាស់បងប្រុស ខ្ញុំមានតែពាក្យជូនពរបងប្រុស ឲ្យឆាប់បានជាសះស្បើយពីជំងឺ, ជូនពរឆាប់ជាបងប្រុស»៕