បើទោះបីអ្នកស្រី ទ្រី ដាណា មិនលើកលែងទោសឲ្យខ្លួន បែបណាក៏ដោយ ក៏ពូម៉ៅ នៅតែបារម្ភចំពោះភរិយា ហើយតាមផ្សះផ្សា សុំទោស លួងលោមភរិយាម្ដងហើយម្ដងទៀត ដើម្បីឲ្យលោកមានឱកាសក្នុងការទៅមើលថែគ្រួសារដូចមុនវិញនោះ។
ជាក់ស្ដែង បើតាមសកម្មភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុកឃើញថា ពូម៉ៅ បានត្រឹមក្រៀមក្រំចិត្ត ស្ដាប់ចម្រៀងត្រូវនឹងសាច់រឿងរបស់ខ្លួន , បង្ហោះសារ នឹកភរិយា នឹកកូន, ដឹងកំហុស ចង់ឲ្យពេលវេលាត្រឡប់ក្រោយ, រកវិធីទាំងផ្លូវក្នុង ផ្លូវក្រៅ ជាដើម ដើម្បីបានជួបជុំប្រពន្ធកូនវិញ។
ចំពោះអ្នកស្រី ទ្រី ដាណា បើទោះ ធ្វើការបដិសេធចំពោះពាក្យសុំទោសរបស់ពូម៉ៅ ក៏ដោយ ប៉ុន្តែកាលពីពេលថ្មីៗនេះ អ្នកស្រី ធ្លាប់ទម្លាយពីអារម្មណ៍នឹកពូម៉ៅ ខ្លាំងទៀតផង នៅពេលដែល អ្នកគាំទ្រម្នាក់ លើកជាសំណួរថា «នឹកពូម៉ៅអត់ចែ?»។
ដោយឡែក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅពេល អ្នកស្រី ទ្រី ដាណា បង្ហោះរូបថតបើកឡានខ្លួនឯង អមដោយសារថា «ខានបើកឡានខ្លួនឯងយូរហើយ លូវដល់វគ្គបើកខ្លួនឯងដូចមុនវិញ»នោះ ស្រាប់តែពូម៉ៅ ចូលទៅខំមិនភ្លែត នូវពាក្យពេចន៍ដ៏រំជួលចិត្ត ស្ដាប់ហើយមានអារម្មណ៍ថាចង់ឲ្យពួកគេត្រឡប់មកដូចដើមវិញខ្លាំងណាស់។
ពូម៉ៅ បានខំមិនបង្ហាញក្ដីបារម្ភ ជាមួយពាក្យពេចន៍យ៉ាងផ្អែមល្ហែមបែបនេះថា «ពីមុនមានបងបើកជូនអូនប្រកបដោយសុវត្ថិភាព ទោះយប់ ឬថ្ងៃមិនដែលថា ហត់ទេ លូវអូនបើកខ្លួនឯងសូមប្រយ័ត្នប្រយែង បើកបរសូមសុវត្ថិភាព»។
ដោយឃើញបែបនេះ អ្នកគាំទ្រ ជាច្រើន បានតបថា «ហៅពូម៉ៅទៅវិញទៅចែ, ជូនពរអោយបងទាំងពីរត្រូវគ្នាវិញ, ខ្ញុំសូមជូនពរអោយពូនិងចែបានរស់នៅជាមួយគ្នាវិញ fan fan នឹកណាស់, ជូនពរឯកឧត្តមបង ឆាប់បានត្រលប់ទៅផ្ទះវិញ ជួបជុំគ្រួសារប្រពន្ធកូនវិញ , ពាក្យចេញពីចិត្តប្ដី,ពូនៅតែស្រលាញ់និងបារម្ភពីភរិយារហូត»៕