អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជុំវិញ ការបើកទទួលដៃគូសហការ លក់មាសពេជ្រ ក្នុងពេលឆាប់ៗខាងមុខនេះ។
បង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្លួនជាច្រើនសន្លឹក អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ដូច្នេះថា «នាងខ្ញុំសម្រេចចិត្តថានឹងបើកទទួលដៃគូសហការរកស៊ី លក់មាសពេជ្រក្នុងពេលឆាប់ៗនេះ ដោយសារការទទូចង់សហការជាមួយនាងខ្ញុំជាច្រើន ដូច្នេះនាងខ្ញុំក៏សម្រេចចិត្តថា នឹងសហការក្នុងពេលឆាប់ៗនេះផងដែរ»។
ចំពោះអ្នកគាំទ្រមានចំនួន ពេលឃើញអ្នកស្រី ប្រកាសបែបនេះ ពួកគេ បានបង្ហាញក្ដីបារម្ភ និងលើកជាសំណួរថា «កុំចូលគ្នារកស៊ីចូលគ្នាមិនស្រួលទេ ចិត្តមិនស្មោះត្រង់, សហការមាសពេជ្រ ហើយទុកចិត្តដៃគូដែរមែនចែ ដូចមិនសូវស្រួល, តើត្រូវចំណាយទុនប៉ុន្មានដែរអ្នកបង? , បើខ្ញុំអត់លុយ អាចសហការរកស៊ីបានអត់»។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មាសពេជ្រ នៅហាងរបស់អ្នកស្រី ទ្រី ដាណា លក់ដាច់ខ្លាំងណាស់ ធ្វើឲ្យអ្នកស្រី រវល់ស្ទើរដាច់ដាយដាច់ទៅហើយ។ អ្នកស្រី ទ្រី ដាណា ធ្លាប់អះអាងថា ទិញមាសពេជ្រ នៅហាងរបស់ខ្លួនហេងៗ ឆ្លងមានឆ្លងបាន។
តួយ៉ាង ពេលលោកថមមី និងអ្នកនាងសួស វីហ្សា ចំណាយលុយជាង១០ម៉ឺនដុល្លារ ទិញមាសពេជ្រ នៅហាងអ្នកស្រី ឃើញថា ពិតជារាសីឡើងស្រើតតែម្ដង។ ទោះយ៉ាងណា សម្រាប់អ្នកអត់មានលុយ ក៏អាចទៅមើលមាសពេជ្រ នៅហាងរបស់អ្នកស្រី ទ្រី ដាណា បានដែរ ដើម្បីយកហេងៗទាំងអស់គ្នា។
ជាក់ស្ដែង អ្នកស្រី ទ្រី ដាណា បានប្រកាសនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដូច្នេះថា «ចែដាណានៅហាងមាសពេជ្រណាចាណប់ៗ ចង់មកទិញឬក៏មកមើលលេងបានណាមិនទិញក៏មិនថា តោះមកយកហេងៗ»៕